(សៀមរាប)៖ តារាចម្រៀង និងទើបតែទទួលបានគោរមងារជា «ឧកញ៉ា» លោក ខេមរៈ សិរីមន្ត នៅថ្ងៃនេះ បានអនុញ្ញាតចូលជួបសម្ដែងការគួរសម ជាមួយនឹងអភិបាលខេត្តសៀមរាប គឺលោក ទៀ សីហា ព្រមទាំងនាំសម្ភារៈមួយចំនួន និងថវិកា ជូនដល់អភិបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងតែរីករាលដាល ឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា នាពេលនេះ។

តារាចម្រៀង ខេមរៈ សិរីមន្ត បានថ្លែងប្រាប់ជាសាធារណៈ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកថា «ថ្ងៃនេះខ្ញុំបាទ មានកិត្តិយសណាស់ ដែលបានឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អនុញ្ញាតចូលជួបសម្តែងការគួរសម សំណេះសំណាល នឹងប្រគល់ជូនអំណោយមួយចំនួន ពីខ្ញុំបាទនិងភរិយា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងនោះមានម៉ាស់ ១០ម៉ឺនម៉ាស់ អាល់កុល ៣០០លីត្រ និង ថវិកាមួយចំនួនផងដែរ។ សូមគោរពជូនពរឧត្តមអភិបាលខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរទាំងអស់រួចផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដនះ»

តារាចម្រៀង ខេមរៈ សិរីមន្ត ចាប់តាំងពីលោកបានទទួលគោរមងារជា ឧកញ៉ាមក លោកតែងតែបង្ហាញនូវកម្មភាពមនុស្សធម៌មិនសូវដាច់នោះឡើយ។ ប៉ុន្តែងាកមកការងារសិល្បៈវិញ គឺហាក់ដូចជាមិនសូវមមាញឹកដូចមុនឡើយ ពោលគឺលោកកំពុងជាប់ដៃលើការងារជំនួញផ្ទាល់ខ្លួន គឺការរកស៊ីលក់ដីឡូតិ៍ តាមតំបន់មួយចំនួន។

លោកឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានមហាជន និងអ្នកគាំទ្រសង្កេតឃើញថា បន្ទាប់ពីជោគជ័យទៅការងារសិល្បៈ បានសាងកេរ្តិ៍ឈ្មោះល្បីសុះសាយពេញផ្ទៃប្រទេសហើយនោះ នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានងាកមកចាប់ជំនួញថ្មីមួយទៀត គឺការងារលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះ និងដីឡូតិ៍នៅតំបន់មួយចំនួន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។

ជាមួយនឹងភាពជោគជ័យព្រមៗគ្នានេះ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានចូលរួមក្នុងការងារសង្គម តាមរយៈការជួយជាថវិកាកសាងសមិទ្ធផលនានា ក្នុងខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងការងារមនុស្សធម៌ជាច្រើនទៀត។ តាមរយៈសកម្មភាពជួយដល់សង្គមជាតិខាងលើនេះ បានធ្វើឲ្យរូបលោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យប្រទានងារជា «ឧកញ៉ា» ដល់រូបលោកកាលពីពេលថ្មីៗនេះ៕