(ក្រុងឡុងដ៍)៖ កីឡាករប្រដាល់ដាក់ទ្រុងចូលនិវត្តន៍ Conor McGregor បានប្រកាសពីការចូលរួមដេញថ្លៃទិញក្លិបបាល់ទាត់អាជីព តោខៀវ Chelsea ពីលោក Roman Abramovich ដែលមានតម្លៃតែ ៣ពាន់លានផោនតែប៉ុណ្ណោះ។

បុរសសញ្ជាតិអៀរឡង់ដែលជាអ្នកគាំទ្រក្លិប Manchester United ផងនោះ បានប្រកាសចូលខ្លួនជាបេក្ខជនដេញថ្លៃទិញក្លិប Chelsea ១រូបផងដែរ តាមរយៈសង្គម Twitter របស់លោកដោយបានសរសេរថា «I wish to explore this. @ChelseaFC»

Conor McGregor បានក្លាយជាបេក្ខជនទី៣ ក្នុងការចូលរួមប្រជែងយកក្លិប Chelsea មកគ្រប់គ្រងបន្តពីសេដ្ឋីរុស្ស៊ី ដែលដឹកនាំជិត ២០ឆ្នាំមកនេះគិតចាប់តាំងពីឆ្នាំ២០០៣ មករួមជាមួយមហាសេដ្ឋី ២រូបផ្សេងទៀតរួមមានលោក Todd Boehly និងមហាសេដ្ឋីស្វីស លោក Hansjorg Wyss។

មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានទិញក្លិបតោខៀវ Chelsea ក្នុងតម្លៃតែ ១៤០លានផោនប៉ុណ្ណោះនាខែកក្កដា ឆ្នាំ២០០៣ ជាមួយនឹងការឈ្នះពានធំៗបានចំនួន ១៩ពានផងដែរ ក្នុងការគ្រប់គ្រងរបស់លោក ១៩ឆ្នាំមកនេះ៕