(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសថាជាភាពអាម៉ាស់មួយ នៃការសម្រេចចិត្ត នៅនាទីចុងក្រោយ ក្នុងការហាមឃាត់អត្តពលិករបស់ខ្លួន ពីការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជនពិការ Paralympic Games នៅទីក្រុង Beijing ប្រទេសចិន ដើម្បីដាក់ទោសលើសកម្មភាពរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

"ស្ថានភាពគឺពិតជាអាក្រក់បំផុត។ នេះគឺជាភាពអាម៉ាស់មួយ សម្រាប់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ", នេះបើតាមសម្តីអ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានលើកឡើង។ "យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ"។

សូមជម្រាបថា គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានឲ្យដឹងកាលពីពេលមុននេះថា អត្តពលិករុស្ស៊ីនិងបេឡារុស្ស ត្រូវបានហាមឃាត់ពីការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ដែលនឹងបើកនៅថ្ងៃសុក្រសប្តាហ៍នេះ៕