(អេហ្គង់វូដ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula One នឹងមិនមានទៀតនោះទេ នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីអ្នករៀបចំ បានបញ្ចប់កិច្ចសន្យា ជាមួយនឹងស្ថាបនិកព្រឹត្តិការណ៍ Russian Grand Prix, នេះបើតាម F1 បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ, ជាការឆ្លើយតបមួយ ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសជិតខាងអ៊ុយក្រែន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

ព្រឹត្តិការណ៍, ដែលគ្រោងនឹងផ្លាស់ប្តូរ ទៅកាន់ទីលានប្រកួតថ្មី នៅខាងក្រៅទីក្រុង St Petersburg នៅឆ្នាំក្រោយ ពីទីលានប្រកួតបច្ចុប្បន្ន Sochi Olympic នោះ, បានចុះកិច្ចសន្យាជាមួយគ្នា រហូតដល់ឆ្នាំ២០២៥។

កាលពីសប្តាហ៍មុន F1 បានប្រកាសលុបចោលការប្រណាំង សម្រាប់ឆ្នាំ២០២២ ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា។

ព្រឹត្តិការណ៍ Russian Grand Prix បានចូលរួមក្នុងប្រតិទិនរបស់ F1 ក្នុងឆ្នាំ២០១៤៕