(បរទេស)៖ ក្រុមហ៊ុន Tesla និង នាយកប្រតិបត្តិ (CEO) លោក Elon Musk កំពុងតែប្រឈមមុខនឹងការប្តឹងផ្តល់លើកញ្ចប់ថវិកាប្រចាំឆ្នាំដែលប្រគល់ឱ្យ CEO រូបនេះមានតម្លៃប្រហែល ២.៥ពាន់លានដុល្លារអាមេរិកនៅពេលអនុម័តកាលពីឆ្នាំ២០១៨ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

ម្ចាស់ភាគហ៊ុន លោក Richard Tornetta បានប្តឹង លោក Musk និងក្រុមប្រឹក្សាភិបាល Tesla ជុំវិញការប្រគល់កញ្ចប់ថវិកាប្រចាំឆ្នាំ ដោយបណ្តឹងនោះបានអះអាងថាវាហួសហេតុពេកចំពោះការអនុញ្ញាតរបស់ក្រុមប្រឹក្សារបស់ក្រុមហ៊ុនរថយន្តអគ្គីសនីមួយនេះគឺជាការបំពានលើកាតព្វកិច្ចមិនត្រឹមត្រូវរបស់ខ្លួន។

ដោយឡែកកាលពីឆ្នាំ២០១៨ កន្លងទៅលោក Elon Musk បានទទួលពានរង្វាន់ CEO Performance Award ប្រចាំឆ្នាំ ២០១៨ ដែលក្នុងនោះរួមមានភាគហ៊ុនចំនួន ១០១.៣លានហ៊ុន ដែលស្ថិតក្នុងជំហានសំខាន់ៗចំនួន ១២ ខណៈដែលម្ចាស់ភាគហ៊ុនខាងលើបានលើកឡើងថា Musk ត្រូវទទួលបានកញ្ចប់ថវិកានោះលុះត្រាតែបានឈានដល់ចំណុចសំខាន់ទាំងនោះ ដែលផ្តោតលើតម្លៃទីផ្សារ និង ប្រតិបត្តិការក្រុមហ៊ុន Tesla ប៉ុណ្ណោះ បើមិនដូច្នោះទេ Musk នឹងមិនទទួលបានអ្វីទាំងអស់។

គួរជម្រាបដែលថា ចំពោះកាលបរិច្ឆេទកាត់ក្តីបញ្ចប់បណ្តឹងខាងលើនេះនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ នៅក្នុងតុលាការ ក្នុងរដ្ឋ Delaware ប៉ុន្តែអាចនឹងផ្លាស់ប្តូរពេលវេលាក្នុងករណីណាមួយ៕