(ក្រុងឡុងដ៍)៖ ការចាប់ឆ្នោតក្នុងការជ្រើសរើសគូប្រកួតនៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup រដូវកាលនេះបានចេញជាផ្លូវការហើយ គ្រាដែលតោខៀវ Chelsea ដែលជិតផ្លាសប់ប្តូរម្ចាស់ថ្មីត្រូវប៉ះ Middlesbrough មកពីលីគ Championship។
ក្នុងពិធីចាប់ឆ្នោតដែលត្រូវបានធ្វើឡើងនាយប់មិញនេះបានបង្ហាញថា Crystal Palace ប៉ះក្រុមលេងនៅ Premier League ដូចគ្នាគឺ Everton គ្រាដែល Middlesbrough ត្រូវជួប Chelsea និងក្រុមដែលមិនទាន់រកឃើញចាញ់-ឈ្នះ Nottingham Forest ឬក៏ Hudderfield Town ត្រូវប៉ះ Liverpool គ្រាដែល Southampton ប៉ះក្រុមខ្លាំង Manchester City។
ការប្រកួតក្នុងវគ្គ ១/៤ចុងក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២២ ខាងមុខ ដ្បិត Chelsea ជាក្រុមរងជើងឯករដូវកាលមុន នៅពេលចាញ់ក្រុមដែលបានហាលអាវ Leicester City នាវគ្គផ្តាច់ព្រ័ត្រឆ្នាំទៅ៕