(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម (CSR) និងជាផ្នែកមួយនៃការប្តេជ្ញាខ្ពស់របស់ក្រុមហ៊ុន ក្នុងការចែករំលែកដល់សិស្សានុសិស្សពីចម្ងាយក្នុងបរិបទ នៃជំងឺកូវីដ ក្រុមហ៊ុន អ៊ិនធឺណិត អនឡាញ (កូហ្សេតែល) បានរៀបចំកម្មវិធីចែករំលែកស្តីពី «បរិយាកាសអាជីវកម្ម និងសេវាកម្មទ្រទ្រង់អតិថិជន» ទៅកាន់សិស្សមក ពីអង្គការ ប៉ាសឺរ៉ែលនុយមឺរិកកម្ពុជា (PNC)។
តំណាងក្រុមហ៊ុន អ៊ិនធឺណិត កូហ្សេតែល បានឱ្យដឹងថា នៅក្នុងកម្មវិធីនេះក្រុមហ៊ុន ក៏បានចែករំលែកនូវបទពិសោធមួយចំនួនទៅកាន់សិស្សានុសិស្សដែលកំពុងសិក្សា លើជំនាញព័ត៌មានវិទ្យា ដើម្បីឆ្លុះបញ្ចាំងផ្ទាល់មកជាការអនុវត្តនៅផ្នែកសេវាកម្មទ្រទ្រង់អតិថិជន ក៏ដូចជារបៀបក្នុងដោះស្រាយជូនអតិថិជនឲ្យបានទាន់ពេល និងចំគន្លឹះនៃបញ្ហា។
កត្តាទាំងនេះគឺជាភាពខ្លាំងរបស់ក្រុមហ៊ុន អ៊ិនធឺណិត អនឡាញ ដែលធ្វើឲ្យក្រុមហ៊ុនឈរជើងនៅក្នុងវិស័យនេះរយៈពេល២៥ឆ្នាំមកហើយ ជាមួយនឹងការគាំទ្រពីបណ្តា អតិថិជនជាច្រើនដូចជា៖ ធនាគារ សណ្ឋាគារ ស្ថានទូត គ្រឹះស្ថានអប់រំ ស្ថាប័នជាតិ និងអន្តរជាតិ នានា។ បន្ថែមលើសពីនេះទៀត ក្រុមហ៊ុនក៏បានបង្ហាញនូវស្ថានភាព អាជីវកម្ម និងបរិយាកាសការងារក្នុងការិយាល័យប្រកបដោយផាសុខភាព សុវត្ថិភាព និងបរិស្ថានបៃតង។
បន្ទាប់ពីការចូលរួមក្នុងកម្មវិធីនេះ ក្រុមហ៊ុនក៏បានសង្ឃឹមយ៉ាងមុតមាំថា សិស្សទាំងអស់អាចយកដំណេះដឹងពីការចែករំលែកនូវបទពិសោធល្អ ដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការផ្ទេរពីការសិក្សាទ្រឹស្តីមកជាការអនុវត្តផ្ទាល់ តាមការបង្ហាត់បង្ហាញពីក្រុមហ៊ុនបណ្តាញអ៊ិនធឺណិតដូចជា៖ ក្រុមហ៊ុនអនឡាញ ក៏ដូចជាជួយពួកគាត់ត្រៀមខ្លួន ដើម្បីចាប់យកអាជីព ការងារនាពេលខាងមុខ។
សូមជម្រាបថា ក្រុមហ៊ុន អ៊ិនធឺណិត អនឡាញ (កូហ្សេតែល) គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) ឈានមុខគេមួយដែលបង្កើតឡើងជាង ២៥ឆ្នាំក្នុងការបម្រើទីផ្សារ។ ក្រុមហ៊ុននេះ ផ្តល់ជូននូវដំណោះស្រាយអ៊ិនធឺណិត និងទំនាក់ទំនងប្រកបដោយគុណភាពខ្ពស់សម្រាប់អតិថិជនតាមគេហដ្ឋាន អាជីវកម្ម និងសាជីវកម្ម។ កូហ្សេតែល កំពុងធ្វើពាណិជ្ជកម្មក្រោមឈ្មោះយីហោ «អនឡាញ»។
អង្គការប៉ាសឺរ៉ែលនុយមឺរិកកម្ពុជា (PNC) បង្កើតឡើងក្នុងឆ្នាំ ២០០៥ ក្នុងប្រទេសកម្ពុជា គឺជាវិទ្យាស្ថានបណ្តុះ បណ្តាលជំនាញព័ត៌មានវិទ្យា (IT)។ បេសកកម្ម របស់ PNC គឺផ្តល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងវិស័យឌីជីថលដល់យុវជនក្រីក្រដោយប្រើប្រាស់សក្តានុពល និងឆន្ទៈរបស់ពួកគេ។ អង្គការប៉ាសឺរ៉ែល នុយមឺរិកកម្ពុជា (PNC) ខិតខំអភិវឌ្ឍសមត្ថភាពការងាររបស់សិស្សយ៉ាងពិតប្រាកដ ដែលនឹងអនុញ្ញាតឱ្យពួកគេ និងក្រុមគ្រួសាររបស់ពួកគេរួចផុត ពីភាពក្រីក្រ ប្រកបដោយនិរន្តរភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៃប្រទេសរបស់ពួកគេ៕