(កូរ៉េ)៖ សិល្បករ-សិល្បការិនីល្បីៗជាបន្តបន្ទាប់ នៅប្រទេសកូរ៉េខាងត្បូង បាននាំគ្នាធ្វើការងារសប្បុរសធម៌ តាមរយៈចូលរួមបរិច្ចាគទឹកប្រាក់ ជួយដល់ប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះ ដោយសារការចូលឈ្លានពានពីសំណាក់ប្រទេសរុស្ស៉ី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Korea Time នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា តារាកូរ៉េល្បីៗជាច្រើនដូចជា Soohyun, Hoon និង Kiseop ដែលជាសមាជិកក្នុងក្រុម U-Kiss បានបរិច្ចាគទឹកប្រាក់ចំនួន ១០លានវ៉ុន ឬប្រមាណ ៨,២០០ដុល្លារ ទៅកាន់ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីជួយដល់កុមារ និងជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងជួបការលំបាក ដោយសារសង្រ្គាម។
ក្រៅពីក្រុម U-Kiss គេក៏ឃើញមានតារាចម្រៀង និងជាតារាសម្តែងប្រុស Yang Dong-geun នៅថ្ងៃព្រហស្បត្តិ៍ ក៏បានបរិច្ចាគប្រាក់ ចំនួន ៨,២០០ដុល្លារ ទៅកាន់ស្ថានទូតអ៊ុយក្រែនផងដែរ។ បន្ថែមពីនេះមានតារា K-POP Narsha សមាជិកក្នុងក្រុម Brown Eyed Girls បានបរិច្ចាគ ៨,២០០ដុល្លារ ទៅកាន់កាកបាទក្រហមកូរ៉េ ខណៈតារាស្រី Lee Young-Ae បានបរិច្ចាគចំនួន ១០០លានវ៉ុន (ខ្ទង់៨៣,០០០អាមេរិក) ក្នុងគោលបំណងដូចគ្នា ពោលគឺជួយដល់ប្រជាជនអ៊ុយក្រែន និងសង្ឃឹមថា សង្គ្រាមនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
គួរជម្រាបថា បើតាមស្ថានទូតអ៊ុយក្រែនប្រចាំកូរ៉េខាត្បូង បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២នេះ គឺពួកគេទទួលបានទឹកប្រាក់បរិច្ចាគចំនួន ២.៣ពាន់លានវ៉ុន (ខ្ទង់ ១,៨៩១, ៥២៥លានដុល្លារ) ហើយ៕