(មីឡាន)៖ Lautaro Martinez ធ្វើបានហែតទ្រីកក្នុងជំនួបដែល Inter Milan យកឈ្នះក្រុមបាតតារាង Serie A, Salernitana ក្នុងលទ្ធផល ៥-០ ដូចកាលជើងទី១ នៅទឹកដី San Siro ផងដែរ។
នេះជាហែតទ្រីកលើកទី១ សម្រាប់ឆ្នាំ២០២២ របស់កីឡាករអន្តរជាតិអាហ្សង់ទីន និងបញ្ចប់កំណត់ត្រាលេង ៤ប្រកួតក្នុងលីគរបស់ Inter Milan មិនដែលឈ្នះផងដែរប្រចាំសប្តាហ៍ទី២៧ ក្នុងជើងទី២ នៅរាត្រីឆ្លងចូលថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។
Inter Milan មានទម្រង់លេងធ្លាក់ជើងជាខ្លាំងនៅដើមឆ្នាំ២០២២ នៅពេលដែលខ្សែប្រយុទ្ធ Martinez បានខកខានរកគ្រាប់បាល់គិតចាប់តាំងពីខែធ្នូមក ដ្បិតក្រុមប្រចាំទីក្រុង Milan មួយនេះទើបរកបានគ្រាប់ស៊ុត ៥០គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះ។
ក្រោយចប់ការប្រកួតពេញម៉ោង ៩០នាទី Inter Milan បានវិលទៅកាន់តំណែងកំពូលតារាង Serie A ជាបណ្តោះអាសន្នវិញក្នុងនាមជាក្រុមការពារតំណែងជើងឯកជាមួយនឹង ៥៨ពិន្ទុនាំក្រុមលេខ២ Napoli និងក្រុមលេខ៣ AC Milan ដែលត្រូវប៉ះគ្នានារាត្រីថ្ងៃអាទិត្យស្អែកនេះដែរ ត្រឹមតែ ១ពិន្ទុផងដែរ៕