(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំកម្មវិធី រាត្រី Non-Farm Payrolls តាមប្រព័ន្ធអនឡាញ និង បានផ្ដល់ជូនប្រាក់រង្វាន់សរុបជាង៣០០០ដុល្លារ ដល់ម្ចាស់ជ័យលាភី ក្នុងការប្រកួតជួញដូរតាមរយៈគណនីសាកល្បង និងអ្នកតាមដានទស្សនាការផ្សាយផ្ទាល់ លើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន។

កម្មវិធីនេះបានប្រព្រឹត្តក្រោមបរិយាកាសដ៏រីករាយ ជាពិសេសសម្រាប់ម្ចាស់ជ័យលាភី និងអ្នកឈ្នះរង្វាន់ ស្របពេលដែលអ្នកចូលរួមទាំងអស់ ក៏ទទួលបាននូវបទពិសោធន៍ជួញដូរពីអ្នកជំនាញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុថ្មីៗ និងឱកាសវិនិយោគល្អៗផងដែរ។ កត្ដាទាំងអស់នេះ អាចជួយធ្វើឱ្យប្រសើរឡើង នូវស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។

បើនិយាយអំពី Non-Farm Payrolls វិញវាជាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក (លើកលែងតែផ្នែកកសិកម្ម) ដែលត្រូវបានចេញផ្សាយជារៀងរាល់ខែ ដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក និងជាទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលវិនិយោគិន និងអ្នកជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុអន្ដរជាតិទាំងអស់ អាចប្រើប្រាស់ជាសូចនាករដ៏មានប្រសិទ្ធភាព ដើម្បីចាប់យកឱកាសជួញដូរ និងបង្កើតប្រាក់ចំណេញ។

ដោយមើលឃើញពីគុណតម្លៃនៃកម្មវិធី Non-Farm Payrolls ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានសោមនស្សក្នុងការបន្តរៀបចំកម្មវិធីនេះជារៀងរាល់ខែ មិនថាដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញនោះទេ ដោយយោងទៅតាមស្ថានភាពជាក់ស្ដែង នៃជំងឺរាតត្បាតកូវីដ-១៩។ កាន់តែពិសេសទៀតនោះគឺថាលើកនេះ ក្រុមហ៊ុនបានរៀបចំការប្រកួតជួញដូរ ក្នុងទម្រង់ធំជាងមុន និងអស្ចារ្យជាងមុន ដើម្បីលើកទឹកចិត្ត និងជួយឱ្យអ្នកជួញដូរ និងវិនិយោគិនទាំងអស់អាចពង្រឹងជំនាញជួញដូរ ព្រមទាំងទាញយកអត្ថប្រយោជន៍ពីឱកាសវិនិយោគបាន។

សម្រាប់អ្នកតាមដានទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកវិញ ពួកគាត់ក៏មានអារម្មណ៍រំភើប និងបានត្រៀមខ្លួនកាន់តែល្អប្រសើរជាងមុន ដើម្បីចាប់ផ្តើមដំណើរវិនិយោគរបស់ពួកគាត់ក្នុងទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីទទួលបានការចែករំលែកចំណេះដឹង ពីអ្នកជំនាញក្នុងទីផ្សារឧបករណ៍និស្សន្ទ និងបានយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងការប្រែប្រួលតម្លៃឧបករណ៍ហិរញ្ញវត្ថុ ដោយផ្អែកទៅលើឥទ្ធិពលទិន្នន័យ Non-Farm Payrolls ក៏ដូចជាទិន្នន័យសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត។

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ជឿជាក់យ៉ាងមុតមាំថា សកម្មភាពទាំងអស់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ភាពរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកម្មវិធីអប់រំ និងការផ្សព្វផ្សាយអំពីទីផ្សារឱ្យកាន់តែទូលំទូលាយក្នុងពេលអនាគត ដើម្បីជួយដល់វិនិយោគិន និងអតិថិជន ឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការវិនិយោគរបស់ពួកគាត់៕