(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា កំពុងតែត្រៀមបញ្ចេញបទថ្មី និងស្ទីលថ្មីទៀតហើយ តាមរយៈការបញ្ចេញគម្រោងធំមួយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ខណៈដែលនាងបានបង្ហាញរូបថតជាច្រើនសន្លឹក ថតនៅលើទឹកដីអង្គរ ដោយបានគ្រងឈុតមានរូបទង់ជាតិកម្ពុជាទៀតផង។

តាមរយៈរូបភាពដែលតារាចម្រៀងវ័យក្មេងចង្កេះអង្ក្រង តន់ ច័ន្ទសីម៉ា បង្ហោះជាសាធារណៈនៅពេលនេះ គឺមិនមែនមានតែនាងម្នាក់ទេ ដែលបានគ្រងឈុតទង់ជាតិកម្ពុជា ពោលគឺមានមនុស្សច្រើននាក់ទៀត ក៏គ្រងឈុតដូចគ្នា មើលទៅឡើងឆ្លុះពណ៌ ក្រហមឆ្អិនឆ្អៅ ហើយបើតាមដឹងគម្រោងនេះ អាចនឹងផ្ទុះកក្រើកមជ្ឈដ្ឋានអ្នកសិល្បៈជាក់ជាមិនខាន នៅមុនឱកាសចូលឆ្នាំថ្មីនេះ។

នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានប្រាប់ Fresh News Plus ឲ្យដឹងថា លោកមិនចង់អធិប្បាយលម្អិត ឲ្យបានច្រើននោះទេ ថាបទនេះ គ្រោងចេញពេលណាប្រភេទអ្វី ឬមានចំណងជើងអ្វី តែលោកបានបង្ហើបថា បទនេះថតមិនទាន់ចប់នៅឡើយ ខណៈអ្នករាំទាំងអស់ ដូចដែលបានឃើញក្នុងរូបភាពនេះ គឺមានមនុស្សប្រមាណ ៣០០នាក់ឯណោះ ពោលគឺត្រូវប្រើពេលប្រមាណជា ១សប្ដាហ៍បន្តទៀត។

លោក យឹម តាស្រង់ បន្តថា នោះជាកិច្ចការសំខាន់មួយរបស់ផលិតកម្ម Galaxy Navatra គឺថតវីដេអូចម្រៀងថ្មីមួយបទ របស់តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ហើយជាប្រភេទគម្រោងធំមួយរបស់លោក ដែលបទនេះចំណាយពេលផលិតច្រើនជាងបទណាៗទាំងអស់ ពោលគឺជាងកន្លះឆ្នាំឯណោះ។

ជាការពិតសម្រាប់ផលិតកម្ម Galaxy Navatra តែងតែមានអ្វីៗថ្មីប្លែក សម្រាប់មហាជន និងទស្សនិកជនជាអ្នកគាំទ្ររហូតមក ដោយការបញ្ចេញនូវបទចម្រៀងនីមួយៗ សុទ្ធសឹងតែមានគុណភាព ទាំងសំឡេង ទេសភាព ប្លង់ថត ពន្លឺ បច្ចេកទេស និងជាពិសេសគឺសំនៀងដ៏ក្រអួនក្រអៅ របស់តារាចម្រៀងក្នុងផលិតកម្មមួយនេះ ដែលសុទ្ធសឹងតែមានទេពកោសល្យមិនធម្មតា ដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកគាំទ្រ មិនឲ្យខកបំណង។

យ៉ាងណាមិញ សម្រាប់តារាចម្រៀង តន់ ច័ន្ទសីម៉ា នៅពេលនេះ ទៅទោះបីជាអ្នកគ្រប់គ្រង មិនបានបង្ហើបឲ្យច្បាស់ថា ជាបទអ្វីក៏ដោយ ប៉ុន្តែគ្រាន់តែឃើញប្លង់ និងសកម្មភាព គឺពិតជាមិនធម្មតា ព្រោះគម្រោងនេះត្រៀមតាំងពីកន្លះឆ្នាំមុនមកម្ល៉េះ ហើយអាចសន្និដ្ឋានបានថា ពិតជាកក្រើកជាក់ជាមិនខានឡើយ៕