(បរទេស)៖ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយនៅតែបន្តកើនឡើង យើងឃើញថាប្រទេសនេះទទួលរងនៅការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង ដោយមានការរាំងខ្ទប់ទំនិញ និង សេវាកម្មទាំងស្រុង។ ដោយអនុវត្តតាមជំហានស្រដៀងគ្នាជាមួយនឹង Apple និង Microsoft ពេញមួយសប្តាហ៍នេះ ក្រុមហ៊ុន Samsung ក៏កំពុងចាត់វិធានការក្នុងការបញ្ឈប់ការនាំចេញផលិតផលទៅក្នុងប្រទេសរុស្ស៊ីផងដែរ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២បានឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung កំពុងបញ្ឈប់ការនាំចេញទំាងអស់ចាប់ពីបន្ទះឈីប រហូតដល់ស្មាតហ្វូន និង ឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។

ដោយឡែកក្រុមហ៊ុន Samsung បានបរិចា្ចគសាច់ប្រាក់ចំនួន ៦លានដុល្លារអាមេរិក រួមទាំង ១លានដុល្លារទៀតជាជំនួយបរិច្ចាគដោយស្ម័គ្រចិត្តពីបុគ្គលិក ដើម្បីគាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ «នៅជុំវិញតំបន់» រួមទាំងជំនួយសម្រាប់ជនភៀសខ្លួនផងដែរ។

គួរជម្រាបដែរថា ភាពតានតឹងនេះគឺបានកើនឡើងកាលពីថ្ងៃសុក្រ សប្តាហ៍មុនបន្ទាប់ពីអ៊ុយក្រែនបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរនៅភាគអាគ្នេយ៍នៃប្រទេសដែលជម្រុញឱ្យមានការឆ្លើយតបកាន់តែរឹងមាំចំពោះការឈ្លានពានរបស់វិមានក្រឹមឡាំងខណៈដែរ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចងក្រងបញ្ជីទណ្ឌកម្មយ៉ាងខ្លាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ប្រទេសនេះឱ្យនៅដាច់ពីគេទាំងផ្នែក ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ៕