(បរទេស)៖ តារាសម្ដែងអាមេរិកដើមកំណើតអ៊ុយក្រែន Mila Kunis រួមជាមួយនឹងស្វាមីតារាល្បីឈ្មោះ Ashton Kutcher បានយល់ព្រមបរិច្ចាគរហូតដល់ ៣លានដុល្លារ ដល់ជនភៀសខ្លួន និងជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារពត៌មាន Washington Post។

និយាយតាមរយៈវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ប្តីនាង Kunis បាននិយាថា «ព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងប្រទេសអ៊ុយក្រែន កំពុងតែបំផ្លិចបំផ្លាញ។ លើលោកនេះគ្មានកន្លែងណាសម្រាប់ការវាយប្រហារដោយអយុត្តិធម៌បែបនេះមកលើមនុស្សជាតិទេ»

នាងបន្តថា «ដូច្នេះ Ashton និង ខ្ញុំ បានសម្រេច ចិត្តធ្វើការបរិច្ចាគប្រាក់រហូតដល់ ទៅ៣លានដុល្លារ… ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរៃអង្គាសប្រាក់ឲ្យដល់គោលដៅ ៣០លាន ដុល្លារ សម្រាប់ជួយដល់ជនភៀសខ្លួន»

គួរជម្រាបថា តារាហូលីវូដ Kunis ត្រូវបានគេដឹងថា នាងមានដើមកំណើតជាជនជាតិអ៊ុយក្រែន ដោយបានកើតនៅ Chernivtsi ភាគនិរតីអ៊ុយក្រែន ក្នុងឆ្នាំ១៩៨៣ និងបានផ្លាស់ទីលំនៅទៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩១។ នាងថា កន្លងមក ធ្លាប់មានមោទនភាព ដែលមានសញ្ជាតិអាមេរិក ប៉ុន្តែបច្ចុប្បន្ននេះ នាងរឹងតែមានមោទនភាពខ្លាំងជាងនេះទៀត ដែលមានដើមកំណើតអ៊ុយក្រែន៕