(ភ្នំពេញ)៖ ក្រុមហ៊ុន Bajaj (បាចាច) ដែលជាក្រុមហ៊ុននាំចូលផលិតផលម៉ាក BAJAJ RE ដែលមានដូចជាម៉ូតូកង់បីឥណ្ឌា និងគ្រឿងបន្លាស់គ្រប់ប្រភេទរបស់ម៉ូតូកង់បីឥណ្ឌា កាលពីពេលថ្មីៗនេះ បានចុះវែកមុខ ដាក់ពាក្យបណ្តឹងទៅ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដើម្បីចុះពិនិត្យ នូវផលិតផលដែលក្រុមហ៊ុនបានសង្ស័យថា រំលោភកម្មសិទ្ធបញ្ញារបស់ខ្លួន។

បន្ទាប់ពីការចុះពិនិត្យយ៉ាងល្អិតល្អន់របស់ក្រុមហ៊ុន ដែលមានការសហការជាមួយនឹង ក.ប.ប បានរកឃើញថាមានបញ្ហាមួយចំនួន នៅពីក្រោយការលក់ និងចែកចាយពីណាក់ម្ចាស់ដេប៉ូលក់ និងហាងចែកចាយ និងជួសជុលម៉ូតូកង់បីមួយចំនួន បានចរាចរ និងធ្វើការលក់ដូរនូវផលិតផលគ្រឿងបន្លាស់ម៉ាក BAJAJ RE ដែលមិនមែនជាផលិតផលចេញពីក្រុមហ៊ុន Bajaj នោះទេ។

«អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានធ្វើការផ្អាក និងឃាត់ទំនិញក្នុងការលក់ផលិតផលទាំងនោះ ហើយរងចាំអោយភាគីដេប៉ូលក់ ជួសជុលដែលរំលោភកម្មសិទ្ធបញ្ញានោះ មកធ្វើការដោះស្រាយគ្នានៅតាមផ្លូវច្បាប់»។ នេះជាការបញ្ជាក់របស់ម្ចាស់ក្រុមហ៊ុនកង់បី Bajaj RE Cambodia។

ក្រុមហ៊ុនបានផ្តាំផ្ញើទៅកាន់គ្រប់ហាងលក់គ្រឿងបន្លាស់ និងដេប៉ូចែកចាយទាំងអស់ថា «សូមផ្អាកគ្រប់សកម្មភាព នៃការចែកចាយ និងលក់បន្តនូវគ្រឿងបន្លាស់ក្លែងក្លាយ ឫ រំលោភលើកម្មសិទ្ធបញ្ញា នៃការនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនទៀត ព្រោះក្រុមហ៊ុន Bajaj RE នឹងបន្តសហការជាមួយ ក.ប.ប ដើម្បីធ្វើការត្រួតពិនិត្យ និងស្វែងរកផលិតផលក្លែងក្លាយ បន្លំម៉ាក ឬនាំចូលខុសនិតិវិធីរបស់ក្រុមហ៊ុន នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ថា គ្រប់ផលិតផលរបស់ក្រុមហ៊ុនកង់បីបាចាច គឺមានស្ទីកខឺពណ័ផ្កាឈូកចាស់ជាសំគាល់តែមួយគត់។

បច្ចុប្បន្ន ក្រុមហ៊ុនកង់បី Bajaj RE Cambodia មានសាខាចំនួន៣ធំៗ គឺ៖ សាខាចាក់អង្រែក្រោម, សាខាសុវណ្ណា និង សាខាសៀមរាប ហើយមានតំណាងចែកចាយលក់បន្តចំនួន២៥ខេត្តនិងក្រុងផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនកង់បី Bajaj RE Cambodia គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធចែកចាយលក់នូវកង់បីឥណ្ឌា ម៉ាកបាចាច ផ្តាច់មុខនៅប្រទេសកម្ពុជា និងលក់គ្រប់គ្រឿងបន្លាស់ថ្មីសន្លាង ចេញពីររោងចក្រផ្ទាល់មានស្កេន QR Code និង Sticker ផ្កាឈូកចាស់ជាសម្គាល់៕