(បរទេស)៖ លោក Benedict Cumberbatch ដែលជាតារាភាពយន្តល្បីរបស់អង់គ្លេស មានមហាជនគាំទ្រកាន់តែខ្លាំងតាមរយៈការសម្តែង ជាតួអង្គ Doctor Strange នាពេលថ្មីៗនេះ បានលើកប្រធានបទ វិបត្តិអ៊ុយក្រែនយកមកនិយាយ នៅពេលទទួលផ្កាយឆ្លាក់ឈ្មោះផ្ទាល់ខ្លួន ដែលជាផ្កាយទី ២៧១៤ នៅលើវិថី Hollywood Walk of Fame ជាការបញ្ជាក់អំពីកេរ្តិ៍ឈ្មោះលេចធ្លោក្នុងវិស័យភាពយន្តហូលីវូដ។

តាមរយៈការចេញផ្សាយដោយសារព័ត៌មាន Sky News បានឲ្យដឹងថា តារាប្រុសរូបនេះ បានឆ្លៀតពេលឡើងបញ្ចេញមតិ ក្នុងថ្ងៃទទួលផ្កាយ ដោយកោតសរសើរចំពោះទឹកចិត្តរបស់ប្រជាជនដែលគាំទ្រអ៊ុយក្រែន និងប្រទេសអ៊ុយក្រែនផ្ទាល់ សម្រាប់ទឹកចិត្តតស៊ូចំពោះជាតិ អំឡុងពេលប្រទេសកំពុងរងសង្គ្រាម។

តួអង្គ Doctor Strange បាននិយាយថា «ក្នុងវេលាដ៏អស្ចារ្យសម្រាប់ជីវិតខ្ញុំ និងនៅលើឆាកដ៏មានន័យនេះ ខ្ញុំមិនអាចនិយាយដោយមើលរំលងពីអ្វីដែលកំពុងកើតមាននៅអ៊ុយក្រែនបាននោះទេ ហើយខ្ញុំសូមបង្ហាញការគាំទ្រទៅដល់ពលរដ្ឋអ៊ុយក្រែន រួមទាំងពលរដ្ឋរុស្ស៊ីដែលបានចេញមុខប្រឆាំងនឹងទង្វើផ្ដាច់ការ និងទង្វើល្ងង់ខ្លៅនៃអ្នកដឹកនាំរបស់ពួកគេ ក្នុងគោលបំណងព្យាយាមបញ្ឈប់អំពើដ៏ឃោរឃៅនេះ»។ ជាមួយនឹងការបញ្ចេញមតិនេះ លោកបានបួងសួងដល់ជនរងគ្រោះ ឲ្យមានសេចក្តីសុខ និងសង្គ្រាមឲ្យបញ្ចប់ក្នុងពេលឆាប់ៗផងដែរ។

គួរជម្រាបថា លោក Benedict Cumberbatch ត្រូវបានទទួលស្គាល់ជាផ្លូវការ ក្នុងនាមតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យហូលីវូដ បន្ទាប់ពីបានទទួលផ្កាយមានឈ្មោះរបស់លោកផ្ទាល់ ដែលវាជាសញ្ញាបញ្ជាក់ពីកេរ្តិ៍ឈ្មោះតារាក្នុងវិស័យភាពយន្ត។ តារារូបនេះ ក៏ត្រូវបានគដឹងថា តាមរយៈការសម្ដែងជាតួអង្គវីរបុរស Doctor Strange (ដុកទ័រ ស្ត្រេង) បានធ្វើឲ្យតារារូបនេះ កាន់តែល្បីឈ្មោះខ្លាំងថែមមួយកម្រិតទៀត ខណៈវគ្គថ្មីគ្រោងចេញផ្សាយឆាប់ៗនេះ៕