(បរទេស)៖ ក្រុមហ៊ុន Tiktok បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្អាកការផ្សាយផ្ទាល់ និងការផុសវីដេអូថ្មី ដើម្បីពិនិត្យមើលលទ្ធភាពនៃផលប៉ះពាល់ច្បាប់ថ្មី (ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ) របស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២២។

យោងតាមខ្លឹមសារដែល TikTok បានប្រកាស បានឲ្យដឹងថា ក្រុមហ៊ុនផ្ដល់សេវាកម្មវីដេអូកម្សាន្តមួយនេះ បានផ្ដោតលើអាទិភាពខ្ពស់បំផុត នៃសុវត្ថិភាពរបស់បុគ្គលិក និងអ្នកប្រើប្រាស់ ហើយចំពោះច្បាប់ថ្មី (ព័ត៌មានក្លែងក្លាយ) របស់រុស្ស៊ី បានធ្វើឲ្យ Tiktok គ្មានជម្រើសអ្វីក្រៅពីផ្អាកការផ្សាយផ្ទាល់ និងការបង្ហោះវីដេអូថ្មីៗសម្រាប់ប្រទេសរុស្ស៊ីនោះទេ ខណៈពេលដែល Tiktok នឹងពិនិត្យឡើងវិញនូវផលប៉ះពាល់សុវត្ថិភាពនៃច្បាប់នេះ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើការដាក់ទណ្ឌកម្មសម្រាប់ច្បាប់ថ្មី (ព័ត៌មានក្លែងក្លាយ) ដោយតម្រូវឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ ច្បាប់នេះនឹងដាក់ពិន័យ ឬដាក់ពន្ធនាគារសម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីយោធា ក៏ដូចជាការផាកពិន័យចំពោះអ្នកដែលអំពាវនាវជាសាធារណៈឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយតុលាការនឹងធ្វើការកាត់ទោសដ៏ឃោឃៅបំផុត សម្រាប់ព័ត៌មានក្លែងក្លាយដែលនាំទៅដល់ផលវិបាកធ្ងន់ធ្ងរ៕