(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបហើយថា កម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកចម្រៀងកម្រិតពិភពលោក «Beat The Best» គឺត្រូវបានធ្វើឡើងអស់រយៈពេលជាង ៣ខែមកហើយ ដោយមានបេក្ខជន-បេក្ខនារី ជាច្រើនរូបចូលរួមប្រឡង។ តែយ៉ាងណា បន្ទាប់ពីបានជម្រុះពីមួយវគ្គទៅមួយវគ្គ គឺមានតែបេក្ខជន៤រូបប៉ុណ្ណោះ មកដល់វគ្គផ្តាច់ព្រ័ត្រ។ ខណៈម្ចាស់ពានរង្វាន់នៅពេលនេះ ត្រូវបានរកឃើញថា គឺបានទៅលើតារាចម្រៀង សួរ វិចិត្រ។
បើតាមអ្វីដែលទស្សនិកជនមើលឃើញ គឺទេពកោសល្យរបស់បេក្ខភាពទាំង ៤នាក់វិញ គឺ ឈាន ជាលឿយ, ពេជ្រ ម៉េងលី, សួ វិចិត្រ និងអ៊ីម ថៃ គឺសុទ្ធសឹងតែមានចំណុចពិសេស និងភាពខ្លាំងរៀងៗខ្លួន រហូតធ្វើឱ្យមហាជនព្រមទាំងអ្នកនិយមតាមដានកម្មវិធី «Beat The Best» រដូវកាលទី១ មួយចំនួនធំមិនអាចបែងចែកដាច់ថាតើបេក្ខជនរូបណាដែលនឹងក្លាយទៅជាម្ចាស់ជ័យលាភីពិតប្រាកដរួមជាមួយរង្វាន់ជាសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅទីបំផុត នារាត្ត្រីវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ គឺម្ចាស់ជយលាភី និងជាម្ចាស់ប្រាក់រង្វាន់ ១៥,០០០ដុល្លារ ក៏បានរកឃើញនោះគឺ បេក្ខជន សួរ វិចិត្រ ដែលទទួលបានសារសំឡេងច្រើនលើសគេ ពីអ្នកគាំទ្រជា ច្រើននាក់។ ការទទួលបានពានរង្វាន់នៅពេលនេះ គឺបានធ្វើឲ្យលោក សួរ វិចិត្រ ក៏ក្លាយជាជើងឯកដំបូងគេបង្អស់នៅ ប្រទេសកម្ពុជា ដែលឈ្នះពីការប្រកួតកម្មវិធី «Beat The Best» រដូវកាលទី ១ នេះ៕