(បរទេស)៖ ក្រុមហ៊ុន Apple ត្រៀមបើកព្រឹត្តិការណ៍ដំបូងដើមឆ្នាំ២០២២ មានឈ្មោះថា «Peek Performance» នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដែលត្រូវបានគេរំពឹងថានឹងមានការដាក់បង្ហាញ iPad Air និង iPhone SE ថ្មី ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២។

តាមរយៈអ្នកវិភាគ លោក Ming-Chi Kuo បានគូសបញ្ជាក់ពីការព្យាករណ៍សម្រាប់ iPhone SE ថានឹងបង្ហាញខ្លួនជាមួយរូបរាងដូចមុន ប៉ុន្តែមានការអាប់ឌែតឱ្យប្រសើរជាងមុនទៅលើមុខងារមួយចំនួន ដោយម៉ូដែលថ្មីនេះនឹងអាប់ឌែតឱ្យប្រើសេវា 5G និងបំពាក់បន្ទះឈីបខ្លាំង A15 ផងដែរ។

លោកបានបញ្ជាក់ទៀតថា ចំពោះអង្គផ្ទុកទិន្នន័យមានជម្រើស 64GB, 128GB, 256GB និងមានជម្រើស ៣ពណ៌គឺ ស ខ្មៅ ក្រហម ហើយសម្រាប់រូបរាងវិញនៅរក្សាដដែល គឺដូចទៅនឹងម៉ូដែល iPhone SE ឆ្នាំ២០២០។

ទន្ទឹមនឹងនេះដែរ លោក Ming-Chi Kuo បានបន្ថែមទៀតថា iPhone SE 2022 នឹងចូលផលិតកម្មដ៏ធំនៅក្នុងខែនេះ ហើយ Apple ត្រូវបានគេប៉ាន់ប្រមាណថានឹងនាំចេញស្មាតហ្វូនចន្លោះពី ២៥ ទៅ ៣០ លានគ្រឿងក្នុងឆ្នាំ២០២២ ៕