(ភ្នំពេញ)៖ លោក Alistair Heath គ្រូបង្វឹកក្រុមបាល់ទាត់អង្គរថាយហ្គឺរ ហាក់មិនបន្ទោសកូនក្រុមឡើយ ក្រោយរបូត ៣ពិន្ទុក្នុងដី បន្ទាប់ពីចាញ់ក្រុមភ្ញៀវវិសាខា ៣-១ ផ្ទុយទៅវិញលោកបានសម្ដែងនូវការរីករាយចំពោះទម្រង់លេង និងការខំប្រឹងអស់ពីសមត្ថភាពពេញ ៩០នាទីរបស់កូនក្រុម ក្នុងការប្រកួតបើករដូវកាលថ្មីនៃក្របខណ្ឌ Cambodian Premier League 2022 កាលពីចុងសប្ដាហ៍កន្លងទៅ។
អតីតគ្រូបង្វឹកក្រុមយុវជនក្លិប Leicester City ខាងលើបានលើកឡើងថា «ខ្ញុំរីករាយចំពោះការលេងដោយអស់ពីចិត្ត ការប្រយុទ្ធ និងការមានគោលបំណង។ កម្រិតនៃការរីកចម្រើនពីកីឡាករគ្រប់រូប គឺបានបង្ហាញឱ្យឃើញ ហើយពួកគេបានផ្ដល់ឱ្យខ្ញុំគ្រប់យ៉ាង។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចឆក់យកឱកាសរបស់អ្នកមានទេ នៅក្នុងចំណុចណាមួយ គូប្រកួតរបស់អ្នកនឹងទាត់បញ្ចូលទី។ ហើយនេះគឺជាអ្វីដែលបានកើតឡើង។ យើងត្រូវតែព្យាយាមបន្ថែមទៀតក្នុងការបញ្ចប់ទីរបស់ពួកយើង»។
យ៉ាងណាក្ដីគ្រូបង្វឹកក្រុមរហស្សនាម «ខ្លាទឹកក្រូច» នេះ ក៏បង្ហាញនូវការសោកស្ដាយខ្លាំង ចំពោះការភ្លាត់របូត ៣គ្រាប់ក្រោមថ្វីជើងក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យនេះដែរ ដ្បិតលោកគិតថា អង្គរថាយហ្គឺរ គួរតែបើកការនាំមុខវិសាខា ៣គ្រាប់មុននៅវគ្គទី១។ ដូច្នេះលោកនឹងពន្យាកែប្រែនូវចំណុចខ្វះខាតក្នុងការប្រកួតបើករដូវកាលថ្មីនេះ ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរនាប្រកួតក្រោយៗ។
គួរដឹងថា ការប្រកួតក្របខណ្ឌ Cambodian Premier League 2022 បញ្ចប់ការប្រកួតបើករដូវកាលថ្មី សប្ដាហ៍ទី១ ចំនួន ៣ប្រកួតហើយ ក្រៅពីវិសាខា យកឈ្នះអង្គរថាយហ្គឺរ ៣-១ ក្រុមនាគខៀវបឹងកេត ក៏បានយកឈ្នះក្រុមណហ្គាវើលដ៏ ៣-១ ដែរ។ រីឯក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនវិញ បានត្រឹមចែកគ្នា ១ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើគ្នា ០-០ នៅកីឡដ្ឋានស្ដាតចាស់៕