(ភ្នំពេញ)៖ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួត ៣ថ្ងៃចាប់ពីថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០២២ នៅទីលានប៉េតង់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្របពេលអគ្គលេខាធិការសហព័ន្ធលោក សុខ សប្បាយណា បានធ្វើការវាយតម្លៃខ្ពស់នូវគុណផលកីឡាករ-កីឡាការិនីចូលរួម បន្ទាប់ពីសហព័ន្ធធ្វើកំណែទម្រង់ថ្មីក្នុងការប្រកួតឆ្នាំនេះ។

លោក សុខ សប្បាយណា បានបញ្ជាក់ថា ដោយសារបញ្ហាកូវីដ-១៩ ឆ្នាំនេះ សហព័ន្ធបានរៀបចំការប្រកួតតាមតំបន់ ដោយចែកចេញជា ៥តំបន់ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីដណ្ដើមបានចំណាត់ថ្នាក់លេខ១ និងលេខ២ មកធ្វើការប្រកួតជើងឯកថ្នាក់ជាតិលើ ៦វិញ្ញាសា ហើយជាលទ្ធផលមានកីឡាករ-កីឡាការិនីឆ្នើមៗប្រចាំតំបន់ចំនួន ១៨៩នាក់ បានមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅភ្នំពេញ។

លោកបន្ដថា «យើងសង្កេតឃើញថា កីឡាករ-កីឡាការិនីតាមបណ្ដាតំបន់ទាំង៥ ពិតជាមានការកើនឡើងនូវគុណផល បច្ចេកទេស វិន័យ និងឆន្ទៈ ដែលនេះបានកំពុងតែឆ្លុះបញ្ចាំងមិនអាចប្រកែកបាន អំពីភាពសុះសាយ និងការអភិវឌ្ឍវិស័យកីឡាប៉េតង់ទូទាំងបន្រទេស បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ»។

សម្រាប់លទ្ធផលនៃការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នេះ រួមមានក្លិបយោធភូមិភាគពិសេស ឈរលេខ១ ដណ្ដើមមេដាយមាស ២គ្រឿង ខណៈក្រសួងមហាផ្ទៃ និងក្លិបសេនារាជសី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឈរលេខ២ និងលេខ៣ ដណ្ដើមបានដាយមាស ១ និងប្រាក់ ១ ដូចគ្នា ស្របពេលក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី និងមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង ឈរលេខ៤ និងលេខ៥ ដណ្ដើមបានមេដាមាស ១គ្រឿងដូចគ្នា៕