(ក្រចេះ)៖ ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតមួយក្បាលដែលទើបនឹងកើតហែលជាមួយហ្វូងផ្សោតពេញចំនួន៨ក្បាល នៅក្នុងអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ នៃខេត្តក្រចេះ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ថ្មីៗនេះ។

ក្រុមអ្នកជំនាញបានបញ្ជាក់ថានេះ គឺជាកូនផ្សោតទីមួយដែលបានកត់ត្រាក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២២នេះ។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជបំផុត។

ក្រុមជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថាកូនផ្សោតថ្មីនេះមានអាយុប្រមាណទើបតែមួយថ្ងៃប៉ុណ្ណោះ។

បើតាមក្រុមអ្នកជំនាញ បានគូសបញ្ជាក់ថា រាល់កំណើតរបស់កូនផ្សោតថ្មីមួយក្បាលៗ មានសារៈសំខាន់ណាស់សម្រាប់ការរស់រានរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួននៅសេសសល់តិចតួចកំពុងរស់នៅក្នុងទីជម្រកធម្មជាតិ រីឯការការពារសត្វផ្សោតពេញវ័យឱ្យជៀសផុតពីកត្តាគំរាមកំហែងដោយសកម្មភាពមនុស្ស រឹតតែមានភាពចាំបាច់ខ្លាំងថែមទៀត ដែលចាំបាច់ទៀមទារឱ្យបង្កើនការល្បាតជាប្រចាំ និងការពង្រឹងការអនុវត្តច្បាប់ជលផលបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ថនិកសត្វទឹកសាបដ៏សំខាន់ជាសកលមួយប្រភេទនេះ។

ដើម្បីធានាបានថា កូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុប រដ្ឋបាលជលផលសូមអំពាវនាវដល់ប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបករណ៍មង និងឆក់។

ការការពារសត្វផ្សោត ឱ្យស្ថិតនៅគង់វង្ស គឺមានសារៈសំខាន់ណាស់មិនត្រឹមតែសម្រាប់សត្វផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអត្ថប្រយោជន៍ដល់ទន្លេមេគង្គទាំងមូលផងដែរ រាប់បញ្ចូលទាំងត្រីដែលត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានចំនួនជាង ១,១០០ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ។

នៅចន្លោះខែមករា និងឧសភា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវក៏បានកត់ត្រាទុកផងដែរ នូវសត្វផ្សោតដែលជាអកុសលបានស្លាប់សរុបចំនួន ៤ក្បាល។

គួរជម្រាបថា កាលពីឆ្នាំ២០២១កន្លងទៅ កូនផ្សោតចំនួន៦ក្បាល ត្រូវបានកត់ត្រាក្នុងបញ្ជី៕