(ឡុងដ៍)៖ លោក Frank O'Farrell ដែលបានបន្តតំណែងពីលោក Matt Busby ក្នុងឆ្នាំ១៩៧១ ជាអ្នកចាត់ការក្លិប Manchester United ក្នុងរយៈពេលខ្លីមួយពោលគឺបានរយៈពេល ១៨ខែ នៅពេលនេះបានស្លាប់ហើយក្នុងវ័យ ៩៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

ក្លិប Man United បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់អតីតអ្នកចាត់ការរបស់ខ្លួន នឹងជាអតីតកីឡាករក្លិប West Ham United និងក្លិប Preston North End ព្រមទាំងជាអតីតកីឡាករលំដាប់អន្តរជាតិអៀរឡង់រូបនេះ នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទផងដែរ។

លោកត្រូវបានជំនួសតំណែងនៅឯក្លិបនៃកីឡដ្ឋាន Old Trafford ដោយលោក Tommy Docherty ចូលជំនួសវិញក្នុងខែធ្នូ ឆ្នាំ១៩៧២ បន្ទាប់ពីលទ្ធផលដឹកនាំមិនល្អ ហើយបានធ្វើឲ្យក្លិប Man United ធ្លាក់ទៅកាន់លេខ៣ រាប់ពីបាតតារាង និងស្ថិតក្នុងតំបន់គ្រោះថ្នាក់នៃការកាត់ចេញពីលីគផងដែរ។

លោក O'Farrell ក៏ធ្លាប់បានធ្វើជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ផងដែរ ចាប់ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៦៕