(ក្រុងឡុងដ៍)៖ Tottenham Hotspur បានយកឈ្នះដោយស្រួលទៅលើក្រុមភ្ញៀវ Everton ក្នុងលទ្ធផល ៥-០ ក្នុងសប្តាហ៍ទី២៨ ជើងទី២ នៃលីគកំពូលអង់គ្លេស Premier League នៅរាត្រីឆ្លងចូលថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ក្នុងជំនួបនោះដែរ Harry Kane ដែលជា Man of the Match រកបាន ២គ្រាប់ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុបានដល់ ១៧៦គ្រាប់ហើយក្នុង Premier League ពីការចូលលេងបាន ២៧០ប្រកួតផងដែរ។

Everton និង Spurs បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ កាលពីជើងទី១ នៅទឹកដី Goodison Park នាចុងឆ្នាំ២០២១។

វាជារាត្រីដ៏សែនអាក្រក់សម្រាប់អ្នកចាត់ការទូទៅលោក Frank Lampard និងកីឡាកររបស់លោក ដ្បិតបានកំពុងត្រដាប និងឈរនៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម ២២ពិន្ទុសរុបរបស់ពួកគេ នៅពេលបានឆ្លងកាត់ ២៥ប្រកួតមកនេះ ដោយសារនៅដល់ ៣ប្រកួតក្នុងដៃ នៅពេលដែលគូប្រជែងមាន់ខ្នាយមាស នៅដល់ ២ប្រកួតនោះ។

នៅចាំបានថា ក្រុមស្ករគ្រាប់ Everton ធ្លាប់បានជ្រុះចេញពីលីគកំពូលអង់គ្លេសកាលឆ្នាំ១៩៥១ និងស្ថិតក្នុងភាពត្រដាបត្រដួសទៀតក្នុង ២រដូវកាលផ្សេងទៀតក្នុងឆ្នាំ១៩៩៣-៩៤ និងឆ្នាំ១៩៩៧-៩៨ ដែលពួកគេត្រូវប្រឈមមុខជាមួយ Wolves និង Newcastle United សម្រាប់ ២ប្រកួតបន្ទាប់៕