(ក្រុងកៀវ)៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន ទល់នឹងស្កុតឡេន នៃជម្រុះ World Cup 2022 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងខែនេះ ត្រូវបានសម្រេចពន្យារពេលជាផ្លូវការហើយ។

ប្រទេសស្ថិតនៅអឺរ៉ុប អ៊ុយក្រែនត្រូវបានប្រទេសក្បែរខាងគ្នារុស្ស៊ីលើកទ័ពចូលឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ពេលនេះពុំទាន់បញ្ចប់នៅឡើយទេ ជាហេតុធ្វើឲ្យអ៊ុយក្រែនបានដាក់សំណើទៅ FIFA ដើម្បីសុំពន្យារពេលសិន។

តាមគម្រោងក្រុមទាំងពីរត្រូវប៉ះគ្នានៅថ្ងៃទី២៤ ខែមីនានេះនៅឯកីឡដ្ឋាន Hamden Park សម្រាប់ជើងទី១ នៅប្រទេសស្កុតឡេន នៅពេលជំនួបរវាងវ៉េល និងអូទ្រីសនៅថ្ងៃទី២៩ ខែមីនា ក៏ត្រូវបានពន្យារពេលផងដែរ ដែលត្រូវប្រកួតគ្នាស្វែងរកក្រុមឈ្នះឡើងទៅកាតាចុងឆ្នាំនេះ។

កាលបរិច្ឆេទថ្មីនឹងត្រូវបានពិភាក្សាបន្តទៀត នៅពេលព្រឹត្តិការណ៍ UEFA Nations League ចាប់ផ្តើមប្រកួតនៅខែមិថុនា ឆ្នាំ២០២២ និង World Cup 2022 ចាប់ផ្តើមប្រកួតជាផ្លូវការវគ្គ ៣២ក្រុមចុងក្រោយនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូចុងឆ្នាំនេះ៕