(បរទេស)៖ អ្នករាំរបាំបាឡេដ៏ល្បីរបស់អ៉ីតាលី គឺលោក Jacopo Tissi បានប្រកាសឲ្យដឹងថា លោកបានសម្រេចចិត្តចាកចេញពីមុខតំណែង ក្នុងនាមជាអ្នករាំដ៏សំខាន់មួយរូប ប្រចាំរោងមហោស្រព Bolshoi ដែលជារោងមហោស្រពប្រវត្តិសាស្ត្រនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ ខណៈការសម្រេចចិត្តបែបនេះ គឺធ្វើឡើងបន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

សរសេរសារ Instagram អ្នកជំនាញរាំរបាំបាឡេ Tissi បាននិយាយថា លោកពិតជាតក់ស្លុតចំពោះស្ថានភាពនៅអ៊ុយក្រែន ដែលនៅបន្តពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យលោកសម្រេចចិត្តដោយស្មោះត្រង់ថា លោកមិនអាចបន្តអាជីពនៅទីក្រុងមូស្គូ តទៅទៀតបានឡើយ។

តារាប្រុសវ័យ២៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា លោកនឹងប្រឆាំងរាល់ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។

ជុំវិញការសម្រេចចិត្តរបស់អ្នករាំរបាំបាឡេរូបនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់អ៉ីតាលី លោក Dario Franceschini បានសម្តែងការសរសើរ ដោយអះអាងថា ទង្វើរបស់ Tissi ជា «ជម្រើសដ៏ក្លាហាន និងថ្លៃថ្នូរ»៕