(ភ្នំពេញ)៖ លោកស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារី អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្តាល និងចៅក្រមបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) នៅកីឡដ្ឋានព្រីនស៍ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។

ព្រឹត្តិការណ៍ប្រកួតនេះ មានការអញ្ជើញចូលរួមពីក្លិបចំនួន៤ រួមមាន៖ ក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង, ក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់, ក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។

ជាលទ្ធផលក្រោយពីបញ្ចប់ការប្រកួតរយៈពេល១ថ្ងៃ ជយលាភីលេខ១ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ លេខ២ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លេខ៣ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និងលេខ៤ បានទៅលើក្លិបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។

សម្រាប់ប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារី អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា លេខ១ ទទួលបានទឹកប្រាក់ ចំនួន ២,៨០០,០០០រៀល, លេខ២ ទទួលបានទឹកប្រាក់ ចំនួន ២,០០០,០០០រៀល, លេខ៣ ទទួលបានទឹកប្រាក់ ចំនួន ១,៦០០,០០០រៀល និងលេខ៤ ទទួលបានទឹកប្រាក់ ចំនួន ១,២០០,០០០រៀល៕