(បរទេស)៖ ក្រុមហ៊ុន General Motors គ្រោងសាងសង់រោងចក្រថ្មីមួយនៅក្នុងទីក្រុង Quebec ប្រទេសកាណាដា ដែលជាផ្នែកមួយនៃការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតសារធាតុគីមី POSCO Chemical របស់កូរ៉េខាងត្បូង ដែលនឹងក្លាយជាគន្លឹះសម្រាប់ការសាងសង់រថយន្តអគ្គិសនីនាពេលអនាគត។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រោងចក្រដែរគ្រោងបង្កើតថ្មីនេះនឹងមានការវិនិយោគរួមគ្នារហូតដល់ទៅ ៤០០លានដុល្លារអាមេរិក ដោយរោងចក្រថ្មីនេះនឹងផ្គត់ផ្គង់សម្រាប់ការផលិត សារធាតុសកម្ម cathode សម្រាប់អាគុយរថយន្តអគ្គីសនី ដែលមានតម្លៃថ្លៃបំផុតនៅលើទីផ្សារសមាសធាតុផលិតអាគុយបច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរ លោក Scott Bell ដែលជាប្រធាន និងជានាយកគ្រប់គ្រងរបស់ GM Canada បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា Cathode «តំណាងឱ្យប្រហែល ៤០ភាគរយនៃតម្លៃរបស់អាគុយអគ្គីនីនីមួយៗ»។ ហើយលោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនថ្មីនេះនឹងបញ្ចប់ការសាងសង់ឱ្យបានមុនឆ្នាំ២០២៥ នឹងកំណត់គោលដៅក្នុងការផលិតឱ្យបានដល់ទៅមួយលានគ្រឿង សម្រាប់ផ្គត់ផ្គង់ទៅអាមេរិកខាងជើងនៅពេលដែរបញ្ចប់ការសាងសង់រួចរាល់។

ចំពោះសមាសធាតុ Cathode ដែលផលិតនៅក្នុងរោងចក្រថ្មីនេះនឹងត្រូវបានយកទៅប្រើដើម្បីផលិតអាគុយ Ultium របស់ក្រុមហ៊ុន GM ហើយក៏ផ្គត់ផ្គង់ថាមពលដល់រថយន្តអគ្គីសនីរបស់ក្រុមហ៊ុនមួយចំនួនដូចជា Chevrolet, GMC និង Cadillac ជាដើម៕