(បរទេស)៖ ព្រឹត្តិការណ៍ដើមឆ្នាំ Apple ដែលបានធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ យប់មិញនេះ បានប្រកាសចេញជាផ្លូវការហើយ ដែលក្នុងនោះឃើញមានការដាក់បង្ហាញម៉ូដែលស្មាតហ្វូន iPhone SE 2022, iPad Air ថ្មី និង iPhone 13 ពណ៌ថ្មីផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងព្រឹត្តិការណ៍យប់មិញនេះ Apple បានប្រកាសចេញ iPhone SE ជំនាន់ទី ៣ដោយរក្សារូបរាងដដែល ប៉ុន្តែមានការផ្លាស់ប្តូរផ្នែកខាងក្នុងឱ្យប្រសើរជាងមុន។ ដោយម៉ូដែលថ្មីនេះទទួលបានកំពូលឈីប A15 ដែលជាបន្ទះឈីបដូចគ្នាទៅ iPhone 13 ហើយអង្គផ្ទុកទិន្នន័យនៅតែដដែល 64GB, 128GB និង 256GB។ ដោយឡែកបន្ទះឈីបថ្មីនេះក៏បាននាំយកបច្ចេកវិទ្យា 5G មកកាន់ iPhone SE ជំនាន់ទី 3 ដូចគ្នា ហើយកាន់តែប្រសើរ ឈីបនេះក៏ជួយឲ្យវាមានថាមពលថ្មខ្លាំងជាងមុន ហើយសម្រាប់អេក្រង់វិញវានៅតែបន្តប្រើទំហំ ៤.៧អ៊ីញដដែល និងមានកាមេរ៉ាមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល ប៉ុន្តែវាបានបន្ថែមមុខងារថ្មី Smart HDR 4, Photographic Styles និង Deep Fusion។

ទន្ទឹមនឹងនេះដែរ iPad Air ក៏បានប្រកាសជាផ្លូវការនៅយប់មិញផងដែរ ដោយម៉ូដែលថ្មីស្រឡាងនេះទទួលបានការបំពាក់បន្ទះឈីប M1 របស់ Apple នៅផ្នែកខាងក្នុង និងជំនួយ 5G ជាជម្រើស (ជាមួយ eSIM) ប៉ុន្តែនៅតែប្រើប្រាស់ Wi-Fi- only ដូចធម្មតា និងមានជម្រើសអង្គផ្ទុកទិន្នន័យ 64GB ឬ 256GB តែម្តង។ ចំពោះការកែប្រែថ្មីនោះ iPad Air ត្រូវបានបំពាក់ដោយការមេរ៉ាមុខប្រភេទថ្មី Center Stage ដែលមានមុខងារតាមចាប់រូបភាពរបស់អ្នកប្រើប្រាស់ ឲ្យនៅស្ថិតក្នុង Frame ស្វ័យប្រវត្តិពេល Call វីដេអូ ចំណែកឯកាមេរ៉ាក្រោយវិញ នៅតែទទួលបានមួយគ្រាប់ទំហំ 12មេហ្គាភិចសែល ដូចម៉ូដែលមុនអីចឹង។

ដោយ iPad Air ជំនាន់ថ្មីនេះបានបំពាក់អេក្រង់ទំហំ ១០.៩ អ៊ីញដូចទៅនឹងម៉ូដែលមុនដែរ និងមានកម្រិតពន្លឺឡើងខ្ពស់បំផុតបាន 500 nits មានមុខងារ True Tone support និង an anti-reflective coating។ ហើយចំណុចដែរទទួលបានការពង្រឹងសំខាន់មួយទៀតនោះគឺទៅលើ រន្ធ USB-C នោះឯង ដែល Apple បានអះអាងថាមានល្បឿនលឿនជាងមុនពីរដង ជាមួយនឹងការផ្ទេរទិន្នន័យរហូតដល់ 10Gbps (ជីហ្គាបៃក្នុងមួយវិនាទី) ឯណោះ។

ដោយឡែកនៅយប់មិញនេះ Apple ក៏បានបញ្ជេញត្រកូល iPhone 13 ពណ៌បៃតងថ្មី (Alpine Green) របស់ខ្លួនដែលក្នុងនោះមាន iPhone 13 និង 13 mini ដោយឥលូវនេះមានជម្រើសពណ៌សរុបចំនួនរហូតដល់ទៅ ៦គឺពណ៌បៃតងថ្មីដែលនឹងចូលរួមជាមួយ Starlight, Midnight, Blue, Pink និង Red ដែលមានស្រាប់។

គួរជម្រាបដែរថា កន្លងមកធ្លាប់មានពាក្យចចាមអារាមអំពីព្រឹត្តិការណ៌របស់ Apple ដែលបានលើកឡើងអំពី ម៉ូដែលគ្រោងចេញថ្មី ទំហំ ពណ៌ និងឈីបរបស់ស្មាតហ្វូនជាដើម ដោយការប្រកាសជាផ្លូវការនៅយប់មិញនេះគឺដូចទៅនឹងពាក្យចចរាមនោះដូចរាល់ដងមែន ហើយសម្រាប់ម៉ូដែលទាំងអស់នេះនឹងដាក់ឱ្យធ្វើការកម្មង់ចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ នេះតទៅ៕