(ភ្នំពេញ)៖ សាលា ECAM LaSalle ដែលទើបនឹងបញ្ចេញថ្នាក់អនុបណ្ឌិតសញ្ញាបត្រពីរ ក្នុងពេលតែមួយ «ថ្នាក់វិស្វ‍កម្ម ECAM (ECAM Engineering)» ក្នុងប្រទេសកម្ពុជា ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានមោទកភាពប្រកាសនូវការទទួលបានសលាកប័ត្រ DD & RS (ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវសង្គម) ដែលគេកំពុងស្វះស្វែងចង់បានខ្ពស់បំផុតកាល ពីខែធ្នូ ឆ្នាំ២០២១ ក្នុងប្រទេសបារាំង។

បង្កើតឡើងសម្រាប់គ្រឹះស្ថានអប់រំជាន់ខ្ពស់ ក្នុងប្រទេសបារាំង សលាកប័ត្រ DD & RS គ្របដ‍ណ្តប់លើគោលដៅការអភិវឌ្ឍប្រកបដោយនិរន្តរភាព ចំនួន១៧ ដែលត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ រាប់ចាប់ពីយុទ្ធសាស្រ្ត និងអភិបាលកិច្ចការ អប់រំ និងការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការបង្កើតថ្មីរហូតដល់បរិស្ថាន និងគោលការណ៍សង្គម។

លោក Didier DESPLANCE នាយកសាលា ECAM LaSalle បានថ្លែងថា៖ «មកទល់បច្ចុប្បន្ន ក្នុងចំណោមគ្រឹះស្ថានអប់រំជាន់ខ្ពស់ចំនួន ៣០០កន្លែង ក្នុងប្រទេសបារាំង មានគ្រឹះស្ថានតែ ៣០ប៉ុណ្ណោះ ដែលបានជោគជ័យក្នុងការទទួលបានសលាកប័ត្រនេះ។ ការទទួលស្គាល់ជាផ្លូវការមួយនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ សម្រាប់សាលា និងក្រុមការងារយើង ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការប្តេជ្ញា និងទំនួលខុសត្រូវក្នុងការបំពេញ ឱ្យបានជារៀងរាល់ថ្ងៃនូវចក្ខុវិស័យរបស់យើងក្នុងការក្លាយខ្លួន ជាអ្នកចូលរួមយ៉ាងសកម្មមួយក្នុងចរន្តផ្លាស់ប្តូរទៅមុខជាលក្ខណៈប្រព័ន្ធអេកូ តាមរយៈការអប់រំវិស្វករជំនាន់ក្រោយជុំវិញពិភពលោក ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការដាក់បញ្ចេញនូវថ្នាក់អនុបណ្ឌិត «ថ្នាក់វិស្វកម្ម ECAM (ECAM Engineering)» ដំបូងបង្អស់កាលពីចុងឆ្នាំ២០២១ លើផ្នែកវិស្វកម្ម នៃការផលិតប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា គឺជាការសម្រេចបាននូវជំហានគោលដៅដ៏សំខាន់មួយលើវីថីដំណើរមួយនេះ»

«ការទទួលបានសលាកប័ត្រ DD/RS (សញ្ញាបត្រសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព) មិនគ្រាន់តែជាគោលដៅមួយក្នុងដំណើរការដែលត្រូវបានផ្តួចផ្តើមប៉ុណ្ណោះទេ។ លើសពីនេះទៅទៀតវាជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងជំហានដំណើរការរបស់យើងនិងជួយយើងឱ្យឈានទៅរកការរួមបញ្ចូលគោលដៅការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅក្នុងយុទ្ធសាស្រ្ត និងដំណើរការការងាររបស់យើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ទៀតខាងមុខនេះ យើងនឹងទទួលបានអត្ថប្រយោជន៍ពេញលេញនៃសលាកប័ត្រនេះ ក្នុងដំណើរការ ការងារពីមួយថ្ងៃ ទៅមួយថ្ងៃរបស់យើ‍ង»។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី Delphine ALAINE ប្រធានគ្រប់គ្រងកម្មវិធី DD/RS និងលោក Thomas TOURET គ្រូបង្រៀន និងអ្នកស្រាវជ្រាវ និងជាប្រធានគ្រប់គ្រង DD/RS ផ្នែកនាយកដ្ឋានស្រាវជ្រាវ។

លោក Kovi VALOO នាយកគ្រប់គ្រងក្រុមហ៊ុន ឡឺ ហ្ក្រង់ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា៖ «ការមានអ្នកជំនាញវិជ្ជាជីវៈ ដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ ដែលពិតជាជឿជាក់ និងយល់ដឹងអំពីបញ្ហាបរិស្ថានសង្គម និងអភិបាលកិច្ច (ESG) ពិសេសនិរន្តរភាព គឺមានសារៈសំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា និងក្រុមហ៊ុនដែលកំពុងតែដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាគ្រឹះស្ថានរបស់យើងនេះ។ ឡឺហ្រ្កង់ ខេមបូឌា (LEGRAND CAMBODIA) គឺជាក្រុមហ៊ុនដៃគូ ជាមួយសាលាវិស្វកម្ម ECAM ចាប់តាំងពីពេលដែលពួកគាត់បើកសម្ពោធក្នុងទីក្រុងភ្នំពេញ មកម្ល៉េះ។ វិញ្ញាបនបត្រ DD/RS គឺជាការកត់ចំណាំដ៏សំខាន់មួយ ដែលស្តែងបញ្ជាក់យ៉ាងពិតប្រាកដនូវកម្រិតនៃការប្តេជ្ញារបស់សាលាចំពោះនិរន្តរភាព។ ការដែលយើងមាននូវគុណតម្លៃ និងការប្តេជ្ញា ដូចគ្នាចំពោះអនាគតដែលមានបរិស្ថានកាន់តែស្រស់បំព្រង គឺជាប្រភពដ៏អស្ចារ្យនៃភាពពេញចិត្តសម្រាប់ពួកយើង»

ការត្រៀមឱ្យអ្នកជំនាន់ថ្មីជួបជាមួយបញ្ហានិរន្តរភាពឧស្សាហកម្ម ៤.០ (Industry 4.0) កម្មវិធីសិក្សារបស់សាលាវិស្វកម្ម ECAM ត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីលើកឡើងអំពីទីផ្សារកំពុងអភិវឌ្ឍដែលប្រឈមជាមួយកំណើនផលិតកម្ម ឧស្សាហកម្មដែលដាច់ខាត ត្រូវតែអនុលោមជាមួយក្រមមាត្រា នៃការអភវិឌ្ឍប្រកបដោយនិរន្តរភាព។ ថ្នាក់អនុបណ្ឌិតនេះ មានគោលដៅបំពេញតម្រូវការរបស់ឧស្សាហកម្ម៤.០ ក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ ដោយបណ្តុះបណ្តាលនិស្សិតឱ្យរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងដំណើរការគ្រប់គ្រងភស្តុភារកម្ម និងផលិតកម្មផ្អែកលើទិសដៅសេដ្ឋកិច្ចវិលជុំជាមួយ នឹងកម្រិតនៃការប៉ះពាល់ដល់សង្គម និងបរិស្ថានទាបបំផុត។