(រតនគិរី)៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរក្រុមកីឡាករយុវជនស្រឡាញ់សន្ដិភាពខ្មែរ-ឥស្លាម ខេត្តរតនគិរី ទៅចូលរួមប្រកួតពានរង្វាន់ រក្សាសន្ដិភាពរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅខេត្តត្បូងឃ្មុំ។ ការជូនដំណើរនេះ បានធ្វើឡើងនៅបរិវេណព្រលានយន្ដហោះខេត្ត ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជូនពរឲ្យប្អូនៗក្មួយៗ ធ្វើដំណើរទៅវិញទៅមកប្រកបដោយសុខសុវត្ថិភាព និងលើកទឹកចិត្តអោយប្អូនៗ ក្មួយៗ ជាកីឡាករខិតខំប្រឹងប្រែងប្រកួត យកឈ្នះដៃគូរបស់ខ្លួនដោយត្រូវផ្អែកលើកត្តា មួយចំនួនដូចជា៖ បទពិសោធន៍ សមត្ថភាព បច្ចេកទេសកម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួតសីលធម៌ពេលប្រកួត។

លោកបានណែនាំថា «ត្រូវចងចាំថា មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ ប៉ុន្តែដើម្បីជួយឲ្យកីឡាករម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបានពេលធ្វើការហ្វឹកហាត់ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួតដូច្នេះកីឡាករយើងម្នាក់ៗអនុវត្តឲ្យបាននៅពេលប្រកួត»

លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមកីឡាករយុវជនស្រលាញ់សន្តិភាពខ្មែ-ឥស្លាមយើងផងដែរ៕