(ភ្នំពេញ)៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) និងអង្គការមូលនិធិអាស៊ី បានរួមគ្នាលើកកម្ពស់ការកែច្នៃសំណល់ប្លាស្ទិកតាមរយៈការបង្កើតសិក្ខាសាលាស្តីអំពី «ការអភិវឌ្ឍសមត្ថភាពសិប្បករកែច្នៃប្លាស្ទិក» ក្នុងរាធានីភ្នំពេញនៅថ្ងៃនេះ។

សិក្ខាសាលានេះ បានរៀបចំឡើងនៅសណ្ឋាគារ Himawari នៅថ្ងៃទី៩ ខែមីនា ក្នុងគោលបំណងផ្តល់ជូនទិដ្ឋភាពទូទៅមួយ អំពីស្ថានភាពកែច្នៃឡើងវិញនៅប្រទេសកម្ពុជា បង្ហាញចក្ខុវិស័យចីរភាព «ពិភពលោកគ្មានសំរាម» របស់ក្រុមហ៊ុនកូកា-កូឡា ព្រមទាំងបង្ហាញរូបភាពជោគជ័យកន្លងមក របស់ក្រុមហ៊ុនកែច្នៃប្លាស្ទិកនៅក្នុងតំបន់ ក៏ដូចជាផ្សាភ្ជាប់ ទំនាក់ទំនងរវាងក្រុមហ៊ុនកែច្នៃប្លាស្ទិកក្នុងស្រុក ដើម្បីចែករំលែកបទពិសោធន៍ និងបំពេញបន្ថែមឱកាសការសាងសមត្ថភាព។

PET សំដៅដល់ប្រភេទប្លាស្ទិកដែលពាក្យពេញហៅថា polyethylene terephthalate (PET) ដែលអាចកែច្នៃឡើងវិញបាន និងប្រើប្រាស់ដើម្បីផលិតចេញជាសំបកវេចខ្ជប់ថ្មី និងវត្ថុប្រើប្រាស់ផ្សេងទៀត។

បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) បានចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកដំណើរការនៃសិក្ខាសាលានេះ។ ក្នុងអង្គពិធីនោះដែរ មានការចូលរួមពីសំណាក់គណៈអធិបតីផ្សេងទៀតរួមមាន៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា លោកស្រី Meloney Lindberg អ្នកតំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅប្រទេសកម្ពុជា លោក នេត មុនីប៉ុណ្ណាការ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីភ្នំពេញ និងអ្នកភ្ញៀវកិត្តិយសផ្សេងទៀតដូចជា សហការរីអង្គការមូលនិធិ អាស៊ី និងអ្នកតំណាងរបស់ក្រុមហ៊ុនកែច្នៃប្លាស្ទិកចំនួន១៥ នៅប្រទេសកម្ពុជា។

នៅក្នុងសុន្ទករថាថ្លែងបើកសិក្ខាសាលា បណ្ឌិត ទឹង ស៊ីនី បានលើកឡើងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកូកា-កូឡា កម្ពុជា និងអង្គការមូលនិធិអាស៊ី ដែលបានដឹកនាំក្នុងការលើកកម្ពស់ការកែច្នៃសំណល់ប្លាស្ទិក។ បញ្ហាបរិស្ថានមានសារៈសំខាន់ខ្លាំង ណាស់សម្រាប់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមជាម្ចាស់អាជីវកម្ម អង្គការ និងប្រជាពលរដ្ឋដែលមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យើងទាំងអស់គ្នាមានតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថានរបស់យើង»

លោកស្រី Meloney Lindberg អ្នកតំណាងរបស់អង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «បន្ទាប់ពីជួបពិភាក្សាផ្ទាល់ជាមួយនិងសិប្បករកែច្នៃប្លាស្ទិកកន្លងមក អង្គការមូលនិធិអាស៊ី បានយល់ដឹង កាន់តែច្បាស់អំពីបញ្ហាប្រឈម ឱកាសក្នុងការអភិវឌ្ឍសម្ថតភាព របស់អាជីវកម្មកែច្នៃប្លាស្ទិកដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ យើងមានក្តីសោមនស្ស រីករាយក្នុងការសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីរួមគ្នាបង្កើតគម្រោងពង្រឹងការកែច្នៃប្លាស្ទិក PETអោយកាន់តែប្រសើរ»

ថ្លែងនៅក្នុងសិក្ខាសាលានេះ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តធ្វើការយ៉ាងសកម្មលើការលើកកម្ពស់ការប្រមូល និងកែច្នៃសំបកវេចខ្ចប់ប្លាស្ទិករបស់យើង រួមមានដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ក៏ដូចជាស្បោងប្លាស្ទិករុំផលិតផលរបស់យើង។ ថ្មីៗនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានឧបត្ថម្ភធុងបែងចែកសំរាមជូនសាលារាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តការបែងចែកសំរាម។ ហើយថ្ងៃនេះ ក្រុមហ៊ុនបានផ្តួចផ្តើមឡើងនូវសិក្ខាសាលានេះឡើង ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងបំពេញបន្ថែមនូវឱកាសក្នុងការសាងសមត្ថភាពរបស់សិប្បករកែច្នៃប្លាស្ទិកក្នុងស្រុក»

ក្រៅពីសិក្ខាសាលានេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបន្តដាក់ចេញគំនិតផ្តួចផ្តើមនានាសំដៅបង្កើនការប្រមូល និងការកែច្នៃសំបកវេចខ្ចប់ប្លាស្ទិកឡើងវិញនៅកម្ពុជា។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ទន្ទឹងនឹងនេះដែរ ក្រុមហ៊ុនក៏ជួយបង្កើនការយល់ដឹង របស់សហគមន៍អំពីការបែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវ និងកែច្នៃសំណល់ឡើងវិញតាមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការដាក់ពង្រាយធុងសំរាមជាង ៩០០ធុង នៅតាមទីសាធារណៈ សួនច្បារ ផ្សារ សាលារៀននានានៅជាង ១២០ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។

ក្រុមហ៊ុនក៏មានគំនិតផ្តួចផ្តើមមួយទៀត ហៅថា «ផ្តល់ជីវិតទី២ដល់ប្លាស្ទិករុំទំនិញ» ដែលលើកទឹកចិត្តឱ្យអ្នកលក់ដុំ និងអ្នកលក់រាយប្រគល់ត្រលប់នូវស្បោងប្លាស្ទិករុំកេសភេសជ្ជៈមកឱ្យក្រុមហ៊ុនវិញដើម្បីយកមកកែច្នៃឡើងវិញ ជាជាងបោះចោលដោយគ្មានការបែងចែងប្រភេទសំរាមទៅក្នុងបរិស្ថាន៕