(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានប្រកាសបើកជាផ្លូវការនូវកម្មវិធី «វោហារសព្ទយុវជន» ដែលផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណងអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

កម្មវិធីនេះ បានប្រារព្ធឡើង ដោយមានការចូលរួម ពីសំណាក់លោក លោកស្រី អនុប្រធានស.ស.យ.ក ខេត្តស្វាយរៀង ប្រធានគណៈកម្មាធិការស.ស.យ.ក ស្រុក-ក្រុងទាំង៨ សមាសភាពគណៈកម្មការដាក់ពិន្ទុការប្រកួត ក្នុងកម្មវិធី «វោហារសព្ទយុវជន» ក៏ដូចជាសមាជិកសមាជិកាស.ស.យ.ក ខេត្តស្វាយរៀង ជាច្រើន តាមរយៈប្រព័ន្ធ Zoom ហើយក៏មានការផ្សាយបន្តផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ។

ជាមួយគ្នានោះ លោក ឌី វិជ្ជា បានថ្លែងថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្ដល់ឱកាសសម្រាប់យុវជនក្នុងខេត្តស្វាយរៀង បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យផ្នែកការនិយាយជាសាធារណៈ ក៏ដូចជាការពង្រឹងសមត្ថភាពនិយាយប្រកបដោយមូលដ្ឋាននៃចំណេះដឹង និងការបណ្ដុះផ្នត់គំនិតសុទិដ្ឋិនិយមចំពោះសង្គមជាតិដល់យុវជនផងដែរ។ កម្មវិធី «វោហារសព្ទយុវជន» នេះ នឹងត្រូវធ្វើឡើង ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលអាចឱ្យយុវជនបានចូលរួមសិក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែម ជុំវិញមូលបទនេះថែមទៀតផង។

លោក ឌី វិជ្ជា បញ្ជាក់បន្ថែមថា៖ «ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះ នឹងក្លាយជាវេទិកាមួយ សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ក្នុងការបង្ហាញភាពក្លាហាន សមត្ថភាព និងសក្តានុពលរបស់ខ្លួន ក្នុងនាមជាយុវជនបន្តវេនរបស់ប្រទេសកម្ពុជាយើង»

គួររំឭកផងដែរថា លក្ខខណ្ឌនៃការចូលរួម ក្នុងកម្មវិធី «វោហារសព្ទយុវជន» គឺ៖

* បេក្ខជនដាក់ពាក្យចូលរួមប្រកួត គឺជាសិស្ស-និស្សិត ដែលកំពុងសិក្សានៅក្នុងខេត្តស្វាយរៀង ហើយមានអាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ២៥ឆ្នាំ
* បេក្ខជនដាក់ពាក្យប្រកួតត្រូវភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប រួមទាំងអត្ថបទ ដែលខ្លួនបានសរសេររួចអំពីប្រធានបទ៖ ការរួមចំណែករបស់ស្ត្រី នៅក្នុងសង្គមជាតិ។

ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ទូរសព្ទលេខ៖ 096 44 32 023/ 012 366 810៕