(បរទេស)៖ ផលិតកម្មចម្រៀង «Universal Music Group» ដែលជាទ្រនំរបស់កំពូលតារាល្បីៗ លំដាប់ពិភពលោកជាច្រើនដូចជា Justin Bieber និង Taylor Swift ផងនោះ បានប្រកាសជាផ្លូវការ អំពីការផ្អាកនូវរាល់ប្រតិបត្តិការរបស់ខ្លួន ទាំងអស់ក្នុងប្រទេសរុស្ស៉ី ដើម្បីជាការចូលរួមដាក់ទណ្ឌកម្មប្រទេសមួយនេះ ជុំវិញការប្រើប្រាស់កំលាំងយោធា ទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន NME News នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្តីរាយការណ៍ពីគេហទំព័រ Variety បានឲ្យដឹងថា ផលិតកម្មចម្រៀង «Universal Music Group» បានសម្រេចផ្អាកកិច្ចសហការរបស់ខ្លួនទាំងអស់នៅរុស្ស៉ី ដោយបានបិទការិយាល័យរបស់ខ្លួន នៅទីនោះទាំងអស់។ ទន្ទឹមនឹងការបិទដំណើរការ ផលិតកម្មនេះ ក៏បានចូលរួមជំរុញឲ្យបញ្ចប់អំពើហិង្សានៅអ៊ុយក្រែន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ត្បិតថាផលិតកម្មនេះ បានបិទដំណើរការនៅរុស្ស៉ីក៏ដោយ បុគ្គលិករបស់ក្រុមហ៊ុននឹងបន្តទទួលបានប្រាក់បៀវត្សរ៍របស់ពួកគេ សម្រាប់រយៈពេលកំណត់មួយ ខណៈសិល្បករទំនងផ្អាកសកម្មភាពថតផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអឺរ៉ុប និងសហរដ្ឋអាមេរិកជាច្រើន កំពុងផ្អាកប្រតិបត្តិការកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយ ដែលបានបណ្តាលឲ្យមានការស្លាប់ជនស៊ីវិល ការលំបាក និងវិបត្តិជនភៀសខ្លួន៕