(មេនឆេស្ទើ)៖ Manchester City បានចូលរួមជាមួយហង្សក្រហម Liverpool របស់អង់គ្លេសក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ទោះបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹង Sporting Lisbon បញ្ចប់ជើងទី២ នាយប់មិញនេះក៏ដោយ។

City បានបំបាក់ម្ចាស់ផ្ទះ Sporting Lisbon របស់ព័រទុយហ្គាល់ក្នុងលទ្ធផល ៥-០ កាលពីជើងទី១ ដែលធានាបានកៅអីវគ្គ ១/៤ជាបន្តទៀត ដ្បិត Liverpool ក៏បានទម្លាក់ Inter Milan របស់អ៉ីតាលីដោយសារលទ្ធផលកាលជើងទី១ ២-០ ផងដែរ។

មេឃខៀវ Manchester City ដែលអតីតរងជើងឯកឆ្នាំទៅផងនោះ ត្រូវបានអ្នកចាត់ការទូទៅ លោក Pep Guardiola បានចាត់ទុកថា «ពួកយើងត្រូវតែរីករាយចំពោះអ្វីដែលទទួលបាននាពេលនេះ»

លោកថា «ខ្ញុំជាប្រភេទមនុស្សម្នាក់ដែលចូលចិត្តរៀន និងសប្បាយចិត្តនូវអ្វីដែលទទួលបាន តួយ៉ាងដូចជាដូចជាពួកយើងធ្វើដំណើរទៅវគ្គ ៨ក្រុមនាពេលនេះ។ នៅពេលក្រុមឈានមកដល់វគ្គ ១៦ក្រុម ខ្ញុំគិតថាលំបាក តែយើងអាចធ្វើបានហើយ»។ នេះជាសំដីរបស់អ្នកចាត់ការអេស្ប៉ាញដែលធ្លាប់ដឹកនាំក្លិបក្នុងស្រុក FC Barcelona ឈ្នះជើងឯក UEFA Champions League បាន ២សម័យកាលផងនោះ។

តែយ៉ាងណា City បានបញ្ចប់កំណត់ត្រារកមិនបានគ្រាប់បាល់ក្នុងផ្ទះផងដែរ គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ មក និងក្រោយពេលពួកគេរកបាន ៥គ្រាប់នៅទីក្រុង Lisbon នៅតែជាក្រុមដែលលេងមិនចាញ់ក្នុងវគ្គនេះទេនៅ UCL តាំងពីពួកគេឈានជើងចូលមក៕