(ឡុងដ៍)៖ ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ កីឡាករ Pedro Neto បានប្រារព្ធថ្ងៃខួបកំណើតគម្រប់ ២២ឆ្នាំរបស់លោកនាថ្ងៃពុធ តាមរយៈការចុះកិច្ចសន្យាថ្មីរយៈពេលវែងមួយលេងឲ្យក្លិប Wolverhamton Wanderer ដែលអនុញ្ញាតឲ្យលោកលេងនៅក្លិប ដែលលេងក្នុងលីគកំពូលអង់គ្លេស Premier League រហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

Neto បានចូលរួមជាមួយក្រុមកញ្ជ្រោង Wolves ក្នុងឆ្នាំ២០១៩ ក្រោយចាកចេញពីក្លិបអ៉ីតាលី Lazio ហើយបានស៊ុតបញ្ចូលទី ១០គ្រាប់ក្នុង ៨៣ប្រកួត ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Wolves។

កីឡាកររូបនេះបានចាប់ផ្តើមការប្រកួតដំបូងក្នុងរដូវកាលនេះ ដោយលទ្ធផលចាញ់ក្រុម Crystal Palace កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីអវត្តមានរយៈពេលវែងដោយសារតែបញ្ហារបួស។

Neto ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមរបស់ក្លិប Wolves ប្រចាំរដូវកាលឆ្នាំ២០២០-២០២១ ប៉ុន្តែដោយសារតែរបួសជង្គង់ បានកាត់បន្ថយការលេងរបស់លោកក្នុងខែមេសាមកដល់ពេលនេះ៕