(ម៉ូស្គូ)៖ កីឡាករប្រណាំងរថយន្តសញ្ជាតិរុស្ស៊ី លោក Nikita Mazepin បានឆ្លើយតបចំពោះក្រុមប្រណាំងរថយន្ត Haas របស់សហរដ្ឋអាមេរិកនៃព្រឹត្តិការណ៍ Formula One នៅថ្ងៃពុធ នៅក្រោយពេលរូបលោកត្រូវបានបណ្តេញលោកចេញពីក្រុម បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ បានប្រកាសផ្តល់មូលនិធិមួយ ដើម្បីជួយគាំទ្រដល់អត្តពលិកដទៃទៀតដែលមិនអាចូលរួមប្រកួតបាន ដោយសារតែសង្គ្រាម ឬក៏បញ្ហានយោបាយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានតាមរយៈទំនាក់ទំនងតាមវីដេអូមួយពីទីក្រុងម៉ូស្គូថា មូលនិធិ «យើងប្រកួតប្រជែងក្នុងនាមតែមួយ» (We Compete as One) ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់ថវិកាចំណាយរបស់ក្រុមហ៊ុន Uralkali ជាក្រុមហ៊ុនរុស្ស៊ីដែលឪពុករបស់លោកជាមហាសេដ្ឋី ជាម្ចាស់គ្រប់គ្រងនោះ បានឧបត្ថម្ភទៅកាន់ក្រុម Haas។

ក្រុមហ៊ុន Uralkali បានលើកឡើងដាច់ដោយឡែកថា ខ្លួនបានចំណាយប្រាក់ភាគច្រើននៃការឧបត្ថម្ភពានរង្វាន់ជើងឯក ឆ្នាំ២០២២ ដែលឥឡូវនេះបានបញ្ចប់ហើយនោះ ទៅកាន់ក្រុម Haas ហើយនឹងកំពុងស្វែងរកការសងត្រឡប់មកវិញភ្លាមៗ ខណៈកំពុងរក្សាសិទ្ធិក្នុងការទាមទារសំណងផងដែរ។

លោក Mazepin ថា មូលនិធិនេះនឹងចាប់ផ្តើមតាមរយៈការជួយដល់អត្តពលិកប៉ារ៉ាឡាំពិករុស្ស៊ី ដែលត្រូវបានបញ្ជូនត្រឡប់ទៅមាតុភូមិវិញពីព្រឹត្តិការណ៍ Beijing Games។

ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន បាននាំឲ្យរងទណ្ឌកម្មជាច្រើនពីសំណាក់វិស័យកីឡានៅទូទាំងសកលលោក ហើយប្រទេសប៊ែលឡារុស ដែលជាតំបន់សំខាន់សម្រាប់ការលុកលុយពេញលេញនោះ ក៏បានទទួលរងទណ្ឌកម្មផងដែរ៕