(ម៉ាឌ្រីដ)៖ នៅពេលនេះ ក្លិបអេស្ប៉ាញ Real Madrid បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ដែរហើយ បន្ទាប់ពីប្រើពេលតែ ១៧នាទីប៉ុណ្ណោះ ដើម្បីយកឈ្នះ Paris Saint-Germain ក្នុងលទ្ធផល ៣-១ បញ្ចប់ជើងទី២ នាយប់មិញនេះដ៏អស្ចារ្យ។

ជាការកត់សម្គាល់នៅពេលដែល ក្រុមភ្ញៀវ PSG មកពីបារាំងពានបើកការនាំមុខ ១គ្រាប់មុនចាប់តាំងពីចុងវគ្គទី១ មក ធ្វើបានសម្រេចដោយកីឡាករតែមួយគឺ Kylian Mbappe និងជាគ្រាប់ទី២ របស់គេផងដែរ នៅពេលស៊ុតគ្រាប់ជ័យជម្នះកាលពីចុងម៉ោងក្នុងជើងទី១ នៅទឹកដីទីក្រុងប៉ារីសនាខែកុម្ភៈ ឆ្នាំ២០២២។

តែយ៉ាងណា ខ្សែប្រយុទ្ធបារាំងដូចគ្នា Karim Benzema បានប្រើពេលតែ ១៧នាទីប៉ុណ្ណោះក្នុងការស៊ុត ៣គ្រាប់ជួយស្រោចស្រង់អតីតជើងឯក UCL ១៣សម័យឡើងទៅកាន់វគ្គ ១/៤ ជាបន្តទៀតជាមួយ Bayern Munich, Liverpool និង Manchester City នៅពេល Real Madrid បានហាលអាវត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារដូវកាលមុន ក្រោមថ្វីជើងរបស់តោខៀវ Chelsea ដែលជាជើងឯកនោះ។

៣គ្រាប់របស់ Karim Benzema គឺធ្វើបានសម្រេចនៅនាទី៦១ ៧៦ និងនាទី៧៨ ពីការបញ្ជូនរបស់មិត្តរួមក្រុម Vinicius Junior និង Luka Modric ដ្បិត Neymar បញ្ជូនឲ្យ Mbappe បញ្ចប់ទីបានសម្រេចនៅនាទី៣៩ នោះ។

ដូចគ្នានោះដែរ ខ្សែប្រយុទ្ធជើងចាស់ Benzema បានក្លាយជាកីឡាករបារាំងទី១ ដែលស៊ុតបានហែតទ្រីក (៣គ្រាប់)៣លើកក្នុងពានអឺរ៉ុប UEFA Champions League ក្រៅពី Robert Lewandowski ធ្វើបាន ៥ដង និង Ronaldo និង Messi ធ្វើបានម្នាក់ ៨ដងដូចគ្នា៕