(ភ្នំពេញ)៖ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ស្តង់ដារអន្តរជាតិ និងកំពុងពេញនិយមយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាជនខ្មែរ និងកាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់ដៃគូជាមួយសិល្បការនីដ៏ល្បីល្បាញមួយរូបគឺកញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស។

លោក Keekong ONG នាយកផ្នែកពាណិជ្ជកម្ម និងជាតំណាងលោក Chas Geschke បានថ្លែងឲ្យដឹងក្នុងពិធីស្វាគមន៍កញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស នៅផ្សារទំនើប អ៊ីអនម៉លសែនសុខថា «ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ក្នុងការប្រារព្ធទិវាអន្តរជាតិនារី និងគាំទ្រស្រ្តីនៅទូទាំងពិភពលោក ហើយជាថ្ងៃដ៏ពិសេស និងសូមណែនាំពីទូតសុច្ឆន្ទៈទី២ ដល់អ្នកទាំងអស់គ្នា
គឺកញ្ញាទេព បូព្រឹក្ស»

លោកបានបន្ដថា «ខ្ញុំតែងតែនិយាយថា ភេទមិនមែនជាបញ្ហាចោទនោះទេ ភេទរបស់អ្នកមិនកំនត់នូវជំនាញវិជ្ជាជីវៈរបស់អ្នកឡើយ ហើយក៏មិនអាចកំនត់ថា តើអ្នកពូកែប៉ុណ្ណាដែរ។ កញ្ញា ទេព បូព្រឹក្ស ជាកំពូលតារាដ៏ល្បីនៅកម្ពុជា ហើយ
គាត់ជាតំណាងឲ្យស្រ្តីខ្មែរជំនាន់ថ្មីដ៏ខ្លាំងផងដែរ»

កញ្ញា ទេព បូព្រឹក្ស បានថ្លែងថា «នាងខ្ញុំរីករាយក្នុងការទទួលដំណែងជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនហនុមានហើយកាន់តែសប្បាយរីករាយជាងនេះ ទៅទៀតគឺការស្វាគមន៏យ៉ាងកក់ក្តៅពីក្រុមហ៊ុនហនុមាន ដោយឈរលើឆន្ទៈ និងការទុកចិត្តស្រលាញ់គាំទ្រយ៉ាងពេញទំហឹងមកលើនាងខ្ញុំ»

សូមបញ្ជាក់ថា បច្ចុប្បន្នកញ្ញា ទេព បូព្រឹក្ស មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ទៅលើបទចម្រៀងល្បីៗ និងក្បាច់រាំដ៏ពិសេសៗជាច្រើន ពិសេសបទចម្រៀង «វីរនារី ឬ Top of The Lady» ដែលមានការចូលទស្សនា រាប់លានដងនៅក្នុងបណ្តាញសង្គម Facebook និងឆានែល YouTube។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២០មក ក្រុមហ៊ុនហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បងក៏ដូចជា យុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។

ក្នុងផែនការនោះក្រុមហ៊ុនមានបំណងរួមសហការ ជាមួយអ្នកដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេសដូចជា កញ្ញា ទេព បូព្រឹក្ស ដើម្បីនាំមកនូវប្រណិតភាពគ្រប់ពេលវេលា ជូនដល់អ្នកគាំទ្រក៍ដូចជាអតិថិជនទាំងអស់របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៕