(បរទេស)៖ Facebook និង Instagram គឺជាបណ្តាញនាំមុខគេក្នុងពាណិជ្ជកម្មសង្គម ដែលអាចឱ្យពាណិជ្ជករបង្កើតហាងនិម្មិត និងលក់ផលិតផលបាន ខណៈដែលថ្មីៗនេះ ក្រុមហ៊ុន Twitter Inc ក៏ទើបតែពិសោធន៍ជាមួយនឹងការអនុញ្ញាតឱ្យពាណិជ្ជករដាក់បង្ហាញផលិតផលរហូតដល់ទៅ ៥០មុខសម្រាប់លក់នៅលើ Profile របស់ពួកគេផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

ក្រុមហ៊ុន Twitter បានលើកឡើងថា ការសាកល្បង Beta សម្រាប់ Twitter Shops នឹងត្រូវបានជ្រើសរើសសម្រាប់អាជីវកម្មនៅសហរដ្ឋអាមេរិកឱ្យធ្វើការសាកល្បងជាលើកដំបូង ហើយសម្រាប់អ្នកដែលប្រើប្រាស់កម្មវិធី Twitter នៅលើ iPhone នឹងមានអទិភាពខ្ពស់។

គួរជម្រាបដែរថា Twitter ធ្លាប់បានសាកល្បងការដាក់បង្ហាញផលិតផលនេះរួចទៅហើយការពីឆ្នាំមុន ដែរបានអនុញ្ញាតឱ្យប្រេនល្បីៗមួយចំនួនដាក់បង្ហាញផលិតផលរបស់ពួកគេរហូតដល់ទៅ៥មុខនៅលើ Profile របស់ពួកគេផ្ទាល់តែម្តង។ មិនយូរទេបន្តិចយើងនឹងអាចបញ្ជាទិញទំនិញតាម រយៈ Twitter បានដូចទៅនឹងបណ្តាញ Facebook និង Instagram នាពេលបច្ចុប្បន្នដែរ៕