(បទេស)៖ តាមរយៈអ៊ីមែលដែលក្រុមហ៊ុន Tesla បានផ្ញើនៅថ្ងៃចន្ទទៅកាន់បុគ្គលិកនៅក្នុងតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក បានបង្ហាញថា បុគ្គលិក Tesla ដែលជាប្រជាជនរបស់អ៊ុយក្រែនទាំងអស់ដែលត្រូវបានស្នើសុំឱ្យត្រឡប់ទៅការពារប្រទេសរបស់ពួកគេវិញ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងហោចណាស់ ៣ខែក្នុងកំឡុងពេលត្រឡប់ទៅការពារមាតុភូមិ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

បន្ទាប់ពីការផ្តល់ឱ្យនូវប្រាក់ឈ្នួល ៣ខែ Tesla គ្រោងធ្វើការវាយតម្លៃឡើងវិញនូវសង្គ្រាម អ៊ុយក្រែន និង រុស្ស៊ី រួមទាំងស្ថានភាពបុគ្គលិករបស់ពួកគេ ដើម្បីសម្រេចថាតើគួរតែបន្តផ្តល់ឱ្យ ឬយ៉ាងណាបន្ថែមទៀត។ ខណៈដែលនៅក្នុងអ៊ីមែលបានបញ្ជាក់យ៉ាងច្បាស់ថា «សម្រាប់បុគ្គលិក Tesla ណាក៏ដោយដែលជាជនជាតិអ៊ុយក្រែន ហើយត្រូវបានគេស្នើសុំឱ្យត្រឡប់ទៅអ៊ុយក្រែនវិញសម្រាប់កាតព្វកិច្ចសកម្មជាអ្នកបម្រុង យើងនឹងរក្សាការងារ និងប្រាក់ខែរបស់ពួកគេសម្រាប់រយៈពេល ៣ខែ ដើម្បីវាយតម្លៃបន្ទាប់ពីរយៈពេលនេះស្របតាមតម្រូវការ»។

តាមប្រភពពីអ៊ីមែល បន្ទាប់ពីរុស្ស៊ីធ្វើការឈ្លានពានអ៊ុយក្រែន បុគ្គលិក Tesla ទាំងអស់ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងម្រាប់ការជួយជម្រុញ SpaceX ដែលជាក្រុមហ៊ុនបណ្តាក់ទុនអវកាសដែលដឹកនាំដោយនាយកប្រតិបត្តិ (CEO) Tesla លោក Elon Musk ដើម្បីនាំយកសេវាអ៊ីនធឺណេតផ្កាយរណប Starlink របស់ខ្លួនទៅកាន់អ៊ុយក្រែន។

គួរជម្រាបដែរថា ក្រុមហ៊ុន Tesla បានបើកការបញ្ចូល Supercharging ដោយមិនគិតថ្លៃនៅស្ថានីយ៍ដែលជាប់ព្រំដែនអ៊ុយក្រែន ដើម្បីគាំទ្រអ្នកដែលរងផលប៉ះពាល់ដោយការលុកលុយនាពេលថ្មីៗនេះ។ បើទោះបីជាក្រុមហ៊ុន Tesla មិនដំណើរការជាផ្លូវការក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ប្រភពពីអ៊ីមែលបានបញ្ជាក់ថា ម្ចាស់រថយន្ត Tesla ប្រមាណ៥,០០០ នាក់នឹងអនុញ្ញាតឱ្យទទួលបានការបញ្ចូលភ្លើងរថយន្តអគ្គីសនីបានដោយឥតគិតថ្លៃនៅស្ថានីយ៍ Supercharger មួយចំនួននៅក្នុងប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី៕