(ក្រុងឡុងដ៍)៖ នៅទីបំផុតរដ្ឋាភិបាលអង់គ្លេស បានសម្រេចបង្កកទ្រព្យសម្បតិ្តក្លិបទាំងស្រុងរបស់មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ជាផ្លូវការហើយ រួមទាំងក្លិបតោខៀវ Chelsea របស់លោក ក៏មិនអាចលក់ចេញបានផងដែរ។

មហាសេដ្ឋីវ័យ ៥៥ឆ្នាំខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាបុគ្គលស្និទ្ធជាមួយប្រធានាធិបតីរុស៊ី លោក Vladimir Putin ដែលបានកំពុងលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃព្រហស្បតិ្ត ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាដើមចមនៃការបង្កកទ្រព្យសម្បតិ្តទាំងអស់នេះ រួមទាំងក្លិបបាល់ទាត់តោខៀវ Chelsea ផងដែរ បើទោះបីជាលោក Abramovich ធ្លាប់បានធ្វើការបដិសេធពីទំនាក់ទំនងជាមួយមេដឹកនាំរុស្ស៊ីនាពេលកន្លងមកក៏ដោយ។

ជាមួយគ្នានោះដែរ លោកស្រី Nadine Dorries អគ្គលេខាធិការវប្បធម៌អង់គ្លេសបានថ្លែងប្រាប់ BBC ថា «ការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេសនេះ គឺដើម្បីការពារផលប្រយោជន៍ក្លិប Chelsea។ ក្លិបបាល់ទាត់ ជាសម្បតិ្តវប្បធម៌ និងជាមូលដ្ឋាននៃសហគមន៍របស់ពួកយើង ដែលយើងចាំបាច់ត្រូវតែថែរក្សា ដ្បិតខ្ញុំបានដឹងថានាំឲ្យមានផលប៉ះពាល់ ក៏ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើ ដើម្បីឲ្យ League និងក្លិបនៅតែអាចប្រកួតបានដដែលនៅអំឡុងដាក់ទណ្ឌកម្មនេះ»។

ខាងក្រោមនេះ ជាកត្តាសំខានៗដែលក្លិប Chelsea មិនអាចធ្វើបាន់៖
១៖ ក្លិបទាំងមូលមិនអាចលក់ទៅឲ្យម្ចាស់ថ្មីបានទេ
២៖ ក្លិបមិនអាចលក់សំបុត្រចូលទស្សនាទៀតបានទេ ចាប់ពីពេលនេះតទៅ
៣៖ សំបុត្រទស្សនាពេញ ១រដូវកាល ក៏ដូចជាសំបុត្រទស្សនាប្រកួតក្នុងដីរបស់ Chelsea នៅតែអាចប្រើបាន
៤៖ ហាងលក់ទំនិញ និងសំលៀកបំពាក់ Chelsea នៅទីក្រុង London ក៏ត្រូវបានបិទផងដែរ
៥៖ ក្រុមហ៊ុនទូរគមនាគមន៍ឧបត្ថម្ភអាវទាំង៣ របស់ Chelsea កំពុងត្រូវបានសភាអង់គ្លេសពិចារណា។

លក្ខខណ្ឌពិសេសដែល Chelsea អាចបន្តធ្វើបានរួមមាន៖
១៖ Chelsea នៅអាចបើកប្រាក់ខែជូនបុគ្គលិក កីឡាករ និងគ្រូបង្វឹកដដែល
២៖ Chelsea នៅតែអាចចំណាយនៃការធ្វើដំណើរទាំងទៅ និងមក តែមិនឲ្យលើសពី ២០,០០០ផោននោះទេ
៣៖ ពួកគេនៅតែអាចចំណាយក្នុងការប្រកួតក្នុងដីមិនឲ្យលើសពី ៥០០,០០០ផោនបានទេ
៤៖ អ្នកគាំទ្រដែលបានទិញសំបុត្រប្រចាំរដូវកាល ឬក៏សំបុត្រលក្ខណៈឯកជននៅមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅតែអាចចូលទស្សនាបានធម្មតា
៥៖ ក្រុមហ៊ុនទិញសិទ្ធិផ្សាយបន្តផ្ទាល់ នៅតែអាចធ្វើការផ្សាយបានធម្មតា៕