(ប៉េកាំង)៖ ក្រុមអត្តពលិក និងមន្ត្រីអ៊ុយក្រែន បានធ្វើការអំពាវនាវសុំសន្តិភាពនៅឯព្រឹត្តិការណ៍ Beijing Winter Paralympics នាថ្ងៃព្រហស្បតិ៍នេះ ដោយបានលាតត្រដាងផ្ទាំងបដា រក្សាភាពស្ងៀមស្ងាត់មួយនាទី និងអំពាវនាវឲ្យបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី លើប្រទេសរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ។

ដឹកនាំដោយប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអ៊ុយក្រែន លោក Valerii Sushkevych ប្រតិភូដែលមានសមាជិក ២០នាក់ បានលើកបដាជាមួយសារថា «សន្តិភាពសម្រាប់គ្រប់គ្នា» អមដោយការលើកដៃឡើងដែរ។

គ្រូបង្គោល លោក Andriy Nesterenko បានលើកឡើងថា ទីក្រុងជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយថាសមាជិកក្រុមចំនួន ៧នាក់នៅទីក្រុង Kharkiv បានស្ថិតក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីទៀតផង។

រុស្ស៊ី បានហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថា ជា «ប្រតិបត្តិការពិសេស» មួយ និងបានច្រានចោលចំពោះការលើកឡើងថា បានបាញ់ទៅលើជនស៊ីវិល។

ក្រុមអត្តពលិកអ៊ុយក្រែន ធ្វើបានយ៉ាងល្អនៅឯព្រឹត្តិការណ៍ Paralympics បើទោះបីជាស្ទើរតែមិនអាចទៅដល់រដ្ឋធានីរបស់ចិន ដោយសារតែសង្គ្រាមក្តី ដោយបានដណ្តើមមេដាយមាសចំនួន ៦គ្រឿង ឈរនៅលំដាប់ទី៣ ក្នុងតារាងមេដាយនៅពីក្រោយក្រុមម្ចាស់ផ្ទះចិន និងកាណាដា។

អត្តពលិកមកពីរុស្ស៊ី និងប៊ែលឡារុស ដែលជាតំបន់វាយលុកសំខាន់មួយសម្រាប់កងកម្លាំងរុស្ស៊ីនោះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតនោះទេ៕