(កាលីហ្វ័រញ៉ា)៖ កីឡាករវាយតេន្នីសរុស្ស៊ី Daniil Medvedev និងកីឡាការិនីប៊ែលឡារុស Aryna Sabalenka បានអំពាវនាវឲ្យមានសន្តិភាព ចំពេលដែលសង្គ្រាមបាននឹងកំពុងបន្តកើតឡើងនៅអ៊ុយក្រែន ដែលបណ្តាលឲ្យមន្ត្រីរៀបចំកីឡាវាយតេន្នីសសិទ្ធិចូលរួមពីប្រទេសកំណើតរបស់ពួកគេ នៃព្រឹត្តិការណ៍ប្រកួតវាយតេន្នីស Indian Wells។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

រុស្ស៊ី បានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ជាការវាយប្រហារធំជាងគេបំផុតលើរដ្ឋមួយនៅតំបន់អឺរ៉ុប គិតចាប់តាំងពីឆ្នាំ១៩៤៥ មក។ រុស្ស៊ី បានហៅសកម្មភាពនោះជា «ប្រតិបត្តិការយោធាពិសេស» មួយ។

«សាររបស់ខ្ញុំគឺនៅតែដូចមុន។ ខ្ញុំចង់បានសន្តិភាពនៅទូទាំងពិភពលោក» នេះបើយោងតាមកីឡាករវាយតេន្នីសលំដាប់លេខ១ ពិភពលោក Medvedev បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចមុន ១ថ្ងៃនៃការប្រកួតជុំដំបូង ATP ដែលធ្វើឡើងនៅតំបន់វាលខ្សាច់ Southern California។ «ខ្ញុំគិតថា គ្រប់កីឡាករតេន្នីសទាំងអស់ នឹងនិយាយដូចគ្នានេះដែរ»

កីឡាការិនី Sabalenka ដែលប្រទេសកំណើតរបស់នាងត្រូវបានបម្រើជាតំបន់សំខាន់សម្រាប់ការវាយប្រហារតាមដែនគោក នៃការឈ្លានពានរបស់រុស្ស៊ីនោះ បានប្រាប់អ្នកសារព័ត៌មានថា នាងចង់ពាក់ខ្សែបូអ៊ុយក្រែន។

«ខ្ញុំពិតជាក្រៀមក្រំ ហើយពិតជាសោកស្តាយចំពោះពលរដ្ឋអ៊ុយក្រែន ដែលបានបាត់បង់ផ្ទះរបស់ពួកគេនៅអំឡុងពេលសង្គ្រាម» នាង Sabalenka ថ្លែងឲ្យដឹង។ នាងថា «ខ្ញុំពិតជាព្រួយបារម្ភអំពីវា ប៉ុន្តែជាអកុសល វាមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងមានសន្តិភាពត្រឡប់មកវិញ»

ស្របពេលដែលកីឡាកររុស្ស៊ី និងប៊ែលឡារុស នឹងមិនអាចបង្ហាញអត្តសញ្ញាណសម្គាល់ជាតិរបស់ពួកគេនោះ កីឡាការិនីអ៊ុយក្រែន Dayana Yastremska ដែលបានភៀសខ្លួនចេញពីអំពើហិង្សា ជាមួយប្អូនស្រីរបស់នាងនោះ បានបង្ហាញខ្លួនក្នុងការប្រកួតជុំដំបូងរបស់នាងកាលពីយប់ថ្ងៃពុធ ដោយបានគ្រងលើខ្លួនរបស់នាង ជាមួយនឹងទង់ជាតិមានពណ៌ខៀវ និងលឿង ដែលជាទង់ជាតិរបស់អ៊ុយក្រែននោះ៕