(ក្រុងឡុងដ៍)៖ តោខៀវ Chelsea ដែលជាជើងឯកអឺរ៉ុបរដូវកាលមុន នៅតែធ្វើបានល្អតាមរយៈបំបាក់ម្ចាស់ផ្ទះ Norwich City ៣-១ នៅ Premier League នាយប់មិញនេះ ដ្បិតក្លិបទាំងមូលត្រូវដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលអង់គ្លេសក៏ដោយ។

ក្រៅពីលេងទៅតាមកម្មវិធីប្រកួតដែលនៅសល់សេសសល់រដូវកាលនេះ ក្លិបមានមូលដ្ឋាននៅភាគខាងលិចទីក្រុង London ប្រទេសអង់គ្លេសមួយនេះ ត្រូវបានរាំងខ្ទប់ដោយសភាអង់គ្លេសចំពោះហិរញ្ញវត្ថុក្នុងក្លិបជើងខ្លាំងមួយនេះ ដោយពុំអាចលក់សំបុត្រចូលទស្សនាបាន លក់ក្លិបទាំងមូលឲ្យម្ចាស់ថ្មី លក់ទំនិញ និងសំភារៈកីឡា ជាមួយនឹងការទិញ-ដូរ និងបន្តកិច្ចសន្យាថ្មីជាមួយកីឡាករបានថែមទៀតផង។

តែយ៉ាងណា សម្រាប់ទឹកចិត្តកីឡាករ រួមទាំងអ្នកចាត់ការទូទៅ លោក Thomas Tuchel នៅតែមានទឹកចិត្តប្រកួតមោះមុត និងដឹកនាំបានល្អដដែល ពោលគឺយកឈ្នះម្ចាស់ផ្ទះចាបក្រុង Norwich City ៣-១ ក្នុងសប្តាហ៍ទី២៨ ជើងទី២ ក្នុងយុទ្ធនាការលីគកំពូលអង់គ្លេស Premier League ដោយនៅសល់ ១ប្រកួតក្នុងដៃថែមទៀត។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានជួយឲ្យតោខៀវមួយនេះបន្តឈរនៅលេខរៀងទី៣ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្នជាមួយនឹង ៥៦ពិន្ទុ ចាញ់ក្រុមលេខ២ Liverpool ៧ពិន្ទុ និង១៣ពិន្ទុពីក្រុមកំពូលតារាង Manchester City គ្រាដែលគូប្រជែង Norwich City បន្តលិចលង់ក្នុងបាតតារាងដដែល ដោយទើបរកបាន ១៧ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ២៨ប្រកួតរបស់ពួកគេ ក្នុងនាមជាក្រុមទើបឡើងវិញនារដូវកាលនេះ៕