(អាមេរិក)៖ ក្រុមហ៊ុន TikTok និង Oracle Corp ត្រូវបានគេរាយការណ៍មកថា កំពុងជិតឈានដល់កិច្ចព្រមព្រៀងមួយក្នុងការ រក្សាទិន្នន័យអ្នកប្រើប្រាស់សហរដ្ឋអាមេរិកដោយគ្មានការគ្រប់គ្រង ឬត្រួតពិនិត្យបន្តពីសំណាក់ក្រុមហ៊ុន ByteDance ដែលជា មេធំរបស់ TikTok ឬពីសំណាក់រដ្ឋាភិបាលចិន ខណ:ដែលកិច្ចព្រមព្រៀងមួយនេះនឹងជួយឱ្យ TikTok ដំណើរការកាន់តែងាយ ស្រួលតាំងផ្លូវច្បាប់នៅសហរដ្ឋអាមេរិក ជាពិសេសគឺដើម្បីបំបាត់កង្វល់ទាំងឡាយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីមួយឆ្នាំកន្លះមុន ក្រុមសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok លក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនអាមេរិក ដោយសារតែភ័យខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក អាចនឹង បាន បញ្ជូនទៅកាន់រដ្ឋាភិបាលកុម្មុយនិស្តចិន។

ប៉ុន្តែបទបញ្ជានោះមិនត្រូវបានអនុវត្តទេបន្ទាប់ពីលោក Joe Biden បាន ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ជំនួសលោក Donald Trump ។ តែប្រភពមួយចំនួនបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការដែលត្រូវបានគេស្គាល់ថា ជាគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) បានបន្តមានការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យនៅ TikTok ដែលគ្រប់គ្រងដោយ ByteDance។

កាលពីអំឡុងឆ្នាំ ២០២០ ពោលគឺក្រោយពេលលោក Donald Trump បញ្ជាក់ឱ្យ ByteDance លក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនអាមេរិកនោះ គឺមានក្រុមហ៊ុនអាមេរិកធំៗចំនួន៣បានចេញមុខដើម្បីស្នើសុំទិញ ដោយក្នុងនោះត្រូវបានគេស្គាល់ច្បាស់ថាមានក្រុមហ៊ុន Oracle និង Microsoft៕