(ប៉ារីស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានប្រកាសពីការស៊ើបអង្កេតមួយភ្លាមៗទៅលើកាយវិការរបស់ម្ចាស់ក្លិប Paris Saint-Germain គឺលោក Nasser Al-Khelaifi និងលោក Leonardo នាយកផ្នែកកីឡាក្លិបនេះ ផងដែរ ក្រោយពេលក្រុមរបស់ពួកគេបានជ្រុះចេញពី Champions League ក្រោមកណ្តាប់ដៃរបស់ Real Madrid។

បុរសទាំងពីរខាងលើនេះត្រូវបានគេរាយការណ៍ថា បានប្រទះគ្នាជាមួយមន្រ្តីទីលាន និងព្យាយាមចាក់សោរទ្វារបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់អាជ្ញាកណ្តាល Makkelie ថែមទៀតផង បន្ទាប់ពីក្រុមរបស់ពួកគេគឺ PSG បានជ្រុះចេញពីពាន UCL ដ៏លឿនបំផុតត្រឹមវគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះ។

លើសពីនេះទៀត ទាំងលោក Nasser Al-Khelaifi និងលោក Leonardo បានដើរសំដៅទៅរកអាជ្ញាកណ្តាលសញ្ជាតិហូឡង់ Danny Makkelie ភ្លាមៗផងដែរ ក្រោយចប់ការប្រកួតពេញម៉ោង ៩០នាទី ជាមួយនឹងការពោលពាក្យអសុរសទៀត។

ទាំងនេះធ្វើឲ្យ UEFA កំពុងគិតពិចារណាដែលអាចទាក់ទៅនឹងក្រមសីលធម៌ នៅពេលបញ្ចេញកាយវិការមិនសមហេតុផល ដែលមានចែងនៅក្នុងមាត្រាសហព័ន្ធអឺរ៉ុបចំពោះកីឡាករ និងមន្រ្តីកីឡាផ្សេងៗ។

សម្រាប់លោក Mauricio Pochettino អ្នកចាត់ការទូទៅ PSG ក៏បានធ្វើការរិះគន់អាជ្ញាកណ្តាល និងប្រព័ន្ធ VAR ផងដែរ ថាគ្រាប់បាល់ទី១ របស់ Karim Benzema មិនយុត្តិធម៌នោះទេ ដ្បិតលោកក៏បានទទួលស្គាល់កំហុសរបស់កីឡាករចាំទី Gianluigi Donnarumma ផងដែរ នៅមុនពេលខ្សែប្រយុទ្ធបារាំងដដែលបន្ថែម ២គ្រាប់ទៀត ធ្វើបានហែតទ្រីកត្រឹមតែ ១៧នាទីដើម្បីជួយ Real Madrid ឡើងវគ្គ ៨ក្រុម UCL តែម្តងនៅពេលយកឈ្នះ ៣-២ ទៅលើ Paris ទាំង ២ជើង៕