(ភ្នំពេញ)៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងត្រូវជួបជើងខ្លាំងឥណ្ឌូនេស៊ី Eko Roni Saputra ក្នុងព្រឹត្តិការណ៍ ONE: LIGHT OUT នាល្ងាចថ្ងៃទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ការប្រកួតនេះដែរ រតនា បានបង្ហាញមហិច្ឆតាចង់ឈ្នះ ដោយមិនខ្វល់ថា ត្រូវប្រើក្បាច់អ្វីឡើយ ដើម្បីស្ដារកិត្តិយសរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រកួតចុងក្រោយ ចាញ់កីឡាករចិន Xie Wei ទាំងមិនអស់ចិត្ត កាលពីចុងឆ្នាំ២០២០។

កីឡាករវ័យ ៣៦ឆ្នាំខាងលើបានលើកឡើងថា «ការប្រកួតនេះ ជ័យជម្នះ គឺជាគោលដៅដ៏សំខាន់របស់ខ្ញុំ ព្រោះប្រកួតចុងក្រោយ ខ្ញុំបានចាញ់ (ចាញ់កីឡាករ Xie Wei) ដូច្នេះខ្ញុំចង់ទទួលបានលទ្ធផលគួរជាទីពេញចិត្តមកវិញ។ ខ្ញុំត្រូវការឈ្នះសម្រាប់ការប្រកួតនេះ ដោយសារខ្ញុំមិនសប្បាយចិត្តនឹងលទ្ធផលចុងក្រោយរបស់ខ្ញុំ។ មែនទែនទៅ ខ្ញុំមិនខ្វល់បញ្ចប់កំណត់ត្រារបស់គាត់ ឬយ៉ាងណាទេ ខ្ញុំខ្វល់តែរឿងឈ្នះ»

នេះជាលើកទី៣ ហើយដែល រតនា ត្រូវជួបកីឡាករឥណ្ឌូនេស៊ី ខណៈ ២លើកមុន ជើងខ្លាំងគុនខ្មែររូបនេះ បានផ្ដួលកីឡាករ Abro Fernandes និង Rudy Agustian ឲ្យចុះចាញ់ត្រឹមទឹកទី២ ដូចគ្នា កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ប៉ុន្ដែប៉ះ Eko Roni ល្ងាចនេះ រតនា ថា មិនអាចធ្វេសប្រហែសបានឡើយ ព្រោះ ៥ប្រកួតចុងក្រោយរបស់អ្នកជំនាញចំបាប់ឥណ្ឌូនេស៊ីរូបនេះ បានយកឈ្នះគូប្រកួតត្រឹមទឹកទី១ ទាំងអស់។

សម្រាប់ Eko Roni បានបង្ហាញមហិច្ឆតាងចង់ឈ្នះកីឡាករ ចាន់ រតនា ដើម្បីចង់ក្លាយជាកីឡាករថ្នាក់កំពូលទាំង៥ ក្នុងប្រភេទទម្ងន់ flyweight និងរក្សាកំណត់ត្រាឈ្នះ ៦លើកជាប់គ្នាលើសង្វៀន ONE ប៉ុន្ដែ រតនា បានផ្ដាំទៅអ្នកប្រយុទ្ធឥណ្ឌូនេស៊ីនេះមុនការប្រកួតថា «បើគាត់ចង់ឡើងទៅកាន់លំដាប់កំពូលទាំង៥ ត្រូវឆ្លងខ្ញុំឲ្យផុតសិន។ ខ្ញុំនឹងរារាំងគាត់ ហើយដៃរបស់ខ្ញុំ នឹងត្រូវអាជ្ញាកណ្តាលលើកឡើងលើ»

យ៉ាងណាក្ដីជុំវិញការប្រកួតនេះ ត្រូវបានអ្នកទាំងពីរអះអាងថា ទំនងមិនបញ្ចប់ការប្រកួតពេញ ៣ទឹកនោះទេ ក្នុងនោះ Eko Roni ថា នឹងបញ្ឈប់ ចាន់ រតនា ត្រឹមពាក់កណ្ដាលផ្លូវ ស្របពេលអ្នកលេងពហុជំនាញកម្ពុជាថា យ៉ាងច្រើនប្រកួតត្រឹម ២ទឹកប៉ុណ្ណោះ ព្រោះការប្រកួត MMA កម្រប្រកួតពេញ ៣ទឹកណាស់។ ដូច្នេះបើមិនខ្លួន គឺមានតែ Eko Roni ប៉ុណ្ណោះ ដែលនឹងត្រូវបរាជ័យក្នុងការប្រកួតនេះ៕