(កូរ៉េ)៖ ក្រុមចម្រៀងល្បីឈ្មោះប្រចាំវិស័យ K-POP គឺ BTS បានចាប់ផ្តើមរៀបចំការប្រគំតន្រ្តីរបស់ពួកគេជាលើកដំបូង ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ក្នុងរយៈពេល ២ឆ្នាំមកនេះ ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩។ ជាក់ស្តែង ម្សិលមិញនេះ ជាថ្ងៃទី១ នៃការប្រគំតន្រ្តីរបស់ពួកគេ ដោយដំណើរការយ៉ាងរលូន ខណៈអ្នកចូលទស្សនា គឺអង្គុយរក្សាគម្លាត ដើម្បីការពារការឆ្លងកូវីដ-១៩។

បើតាមការចេញផ្សាយដោយសារព័ត៌មាន All K-POP នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ការប្រគំតន្រ្តី «Permission To Dance On Stage» របស់ក្រុម BTS នៅថ្ងៃទី១ គឺមានអ្នកចូលទស្សនាប្រមាណ ១៥,០០០នាក់ នៅពហុកីឡដ្ឋាន Jamsil Sports Complex នៅទីក្រុងសេអ៊ូល។ ក្រៅពីអង្គុយរក្សាគម្លាត អ្នក ទស្សនាក៏ ត្រូវ បាន ហាមប្រាម មិន ឱ្យ បញ្ចេញ សំឡេង ក្រោកឈរ ឬ ត្រូវពាក់របាំងមុខជាប់ជានិច្ចផងដែរ ត្បិតថាបច្ចុប្បន្នេះ ចំនួនករណីឆ្លងកូវីដ-១៩ នៅកូរ៉េខាងត្បូងកំពុងកើនឡើងយ៉ាងគំហុកជាថ្មី។

នៅថ្ងៃពិសេសនេះ BTS បានស្វាគមន៍គ្រប់គ្នាដោយសម្ដែងដំបូងគេបទ «ON» បន្ទាប់មក «Fire», «Dope», «DNA», «Blue & Grey»និង «Black Swan» ជាដើម។ ពេលវេលាអស្ចារ្យបែបនេះ BTS ក៏មិនភ្លេចបទល្បី ដែលជាបទមានមុខលើតារាង Billboard ដែរមាន «Blood, Sweat & Tears», «Fake Love», «Boy With Luv», «Dynamite» និង «Butter»។ ក្រុមនេះក៏បានបន្តបង្កើតវគ្គ សំខាន់សម្រាប់ កម្មវិធីជាមួយនឹងបទ «Telepathy» និង «Outro: Wings»

បិទបញ្ចប់ចុងក្រោយ BTS បានសម្ដែង បទ «Home» ដោយបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកគាំទ្រមុនបញ្ចប់កម្មវិធីជាមួយនឹងបទ «Permission To Dance»