(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានសម្តែងមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមចំណែកបណ្តុះវប្បធម៌អាន តាមរយៈគម្រោងបណ្ណាល័យប្រាសាក់ចំនួន ៤២ នៅទូទាំងប្រទេសកម្ពុជា។

ក៏ដូចឆ្នាំមុនដែរ ប្រាសាក់តែងចូលរួមចំណែកក្នុងការឧបត្ថម្ភទិវាជាតិអំណាន ជាក់ស្តែងទិវាជាតិអំណាន លើកទី៧ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» នាថ្ងៃនេះ ប្រាសាក់បានចូលរួមឧបត្ថម្ភសម្ភារៈមួយចំនួនជូនដល់សិស្សានុសិស្សជ័យលាភីទាំង ៣ វិញ្ញាសារផងដែរ។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «ដោយមើលឃើញពីអត្ថប្រយោជន៍នៃការអាន ដែលជួយពង្រឹងគុណភាពជីវិតលើគ្រប់ទិដ្ឋភាព នៅក្នុងដំណាក់កាលនៃការវិវឌ្ឍឈានទៅរកសង្គមឌីជីថល ប្រាសាក់ មានសេចក្តីរីករាយក្នុងការផ្តល់ជាបណ្ណាល័យសម្រាប់ការអាន និងស្រាវជ្រាវរបស់សិស្សានុសិស្ស ពិសេសជូនដល់ប្អូនៗដែលនៅតាមឃុំស្រុកនៅទីជនបទ។ បន្ថែមលើសពីនេះ ប្រាសាក់ក៏បានចូលរួមលើកទឹកចិត្តដល់សិស្សជ័យលាភីនៅក្នុងវិញ្ញាសាចំនួន ៣ ក្នុងនោះមាន អំណាន ស្មូត្រកំណាព្យ និងតែងនិពន្ធ នូវសៀវភៅអានអេឡិចត្រូនិក និងកាបូបស្ពាយ នាព្រឹត្តិការណ៍ទិវាជាតិអំណានលើកទី ៧ នេះ»

គួរបញ្ជាក់ផងដែរថា អគារបណ្ណាល័យបណ្ណាល័យប្រាសាក់ បានបំពាក់សម្ភារៈបរិក្ខារបណ្ណាល័យគ្រប់គ្រាន់ មានដូចជា សៀវភៅ គ្រឿងសង្ហារិម សម្ភារៈប្រើប្រាស់ក្នុងបណ្ណាល័យ និងផ្ដល់ការបណ្ដុះបណ្ដាលដល់បណ្ណារក្ស ស្ដីពីការគ្រប់គ្រងនិងថែទាំបណ្ណាល័យ ដោយមានកិច្ចសហការពី ក្រសួងអប់រំ យុវជន និងកីឡា។

បើទោះជាស្ថិតក្នុងបរិបទកូវីដ-១៩បណ្ណាល័យក៏កាន់តែដើរតួនាទីសំខាន់ តាមរយៈការបង្កើនសកម្មភាពផ្តល់សេវាកម្មឱ្យសិស្សានុសិស្សខ្ចីសៀវភៅសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងស្វ័យសិក្សានៅតាមផ្ទះ។ គិតត្រឹមបច្ចុប្បន្ននេះ បណ្ណាល័យទាំង ៤២អគារ កំពុងផ្តល់ឱកាសឱ្យសិស្សានុសិស្សប្រមាណ ១៤១,២៦៥ នាក់ ក្នុងបណ្តុះទម្លាប់អានរបស់ពួកគេ។ ប្រាសាក់ នឹងបន្តធ្វើការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីជួយបណ្ដុះវប្បធម៌អាននៅកម្ពុជាបន្តទៀត៕