(បរទេស)៖ ក្រុមហ៊ុន Oracle បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណេញនៅត្រីមាសដើមឆ្នាំ២០២២ ដោយសារតែមានការចំណាយ​យ៉ាងច្រើន​ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យសម្រាប់ Software អាជីវកម្ម និងសេវាកម្ម Cloud នៅទូទាំងពិភពលោក ហើយថែមទាំងកត់ត្រាការខាតបង់ពី​ការវិនិយោគ​ផ្សេងទៀតមួយចំនួនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ក្រុមហ៊ុន Oracle បានឱ្យដឹងថាខ្លួនបានឃើញការខាតបង់ដោយសារតែការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Oxford Nanopore និងការខាតបង់ប្រតិបត្តិការនៅក្រុមហ៊ុន Ampere និងជាក្រុមហ៊ុនផលិតបន្ទះឈីប ARM Server ដែលលឿនបំផុតរបស់ពិភពលោក។ ខណៈដែលគិតមកទល់ពេលនេះ ភាគហ៊ុនរបស់ Oracle បានធ្លាក់ចុះប្រហែល ១៣ភាគរយ ចំពេលដែលមានបញ្ហាបច្ចេកវិទ្យា។

ដោយឡែកសេវាកម្មរបស់ក្រុមហ៊ុននេះគឺផ្តោតទៅលើការផ្តល់ជូននូវប្រព័ន្ធ Software សម្រាប់អាជីវកម្ម និងសេវាកម្ម Cloud ក៏ប៉ុន្តែក្រុមហ៊ុននេះនៅតែមានការខ្វះខាតមជ្ឈមណ្ឌលទិន្នន័យដ៏ធំដែលគូប្រជែងដូចជា Microsoft, Amazon និង Google តែទោះជាយ៉ាងណាក៏ដោយ Oracle នៅតែព្យាយាមដើម្បីឈានទៅដល់គោលដៅស្របជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

គួរជម្រាបដែរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះកាលពីឆ្នាំមុនមានរហូតដល់ទៅ ៥.០២ពាន់លានដុល្លារអាមេរិក ខណៈដែលទីផ្សារហ៊ុនពេលនោះអាចលក់បាន ១.៦៨ដុល្លារអាមេរិក ក្នុងមួយហ៊ុន ប៉ុន្តែត្រីមាសទី១ ឆ្នាំ២០២២នេះ គឺមានការធ្លាក់ចុះពីប្រាក់ចំណេញសុទ្ធមកនៅត្រឹមតែ ២.៣២ពាន់លានដុល្លារអាមេរិកដោយក្នុងកំឡុងត្រីមាសមុននេះទីផ្សារហ៊ុន អាចលក់បានតែ ៨៤ សេន ក្នុងមួយហ៊ុន។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលសម្រាប់ត្រីមាសទី១ រកបានត្រឹមតែ ១០.៥១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕